(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារគណបក្សចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានបើកកិច្ចប្រជុំបូកសរុបការងាររបស់គណបក្សឃុំឈូកខ្សាច់ នៃស្រុកបារាយណ៍ ព្រមទាំងដាក់ចេញសកម្មភាពការងារបន្ត ពិសេសគឺការងារកសាងសមាជិកបក្ស ការងារត្រៀមសម្រាប់ការបោះឆ្នោតឃុំ និងការជំរុញការចាក់វ៉ាក់សាំង ជាមួយគ្នានោះក៏មានការងារពង្រឹងវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងនាមលោកជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។

កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បន្ទាប់ពីលោក អួង សារឿន ប្រធានគណៈកម្មាធិការគណបក្សស្រុកបារាយណ៍ និងលោក សុង តុងហាប់ ប្រធានក្រុមការងារគណបក្សចុះជួយឃុំឈូកខ្សាច់ ឡើងរាយការណ៍អំពីវឌ្ឍនភាពការងារកសាងសមាជិកបក្ស និងបញ្ហាប្រឈមក្នុងមូលដ្ឋានរួចមក លោកប្រធាន ថោង ខុន បានវាយតម្លៃលទ្ធផលការងារ និងផ្ដល់ការណែនាំបន្ថែមមួយចំនួនទៀត។

ចំពោះការងារកសាងបក្ស លោក ថោង ខុន បានកោតសរសើរចំពោះការកសាងសមាជិកបក្សនៅគណបក្សឃុំឈូកខ្សាច់ដែលមានចំនួនសរុប៥,៤៨០នាក់ (ស្រី៣,១២០នាក់) ស្មើនឹង៧១%នៃចំនួនប្រជាពលរដ្ឋសរុបនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ ក្នុងនោះដែរ លោកបានជំរុញលើកទឹកចិត្តដល់សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវធានាថាគ្រប់សមាជិកគណបក្សប្រជាជនកម្ពុជាត្រូវតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា «សមាជិកបក្សម្នាក់ សន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាមួយសន្លឹក» ឬ «អ្នកគាំទ្រម្នាក់ សន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាមួយសន្លឹក»

ចំពោះការងារត្រៀមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ត្រូវបានលោក ថោង ខុន ផ្ដោតសំខាន់លើឯកសារសម្រាប់ការបោះឆ្នោត គឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ លោកបានជំរុញដល់សមាជិកបក្សត្រូវមានអត្តសញ្ញាណប័ណ្ណឱ្យបានគ្រប់គ្នា ប្រសិនបើមិនទាន់មានអត្តសញ្ញាណប័ណ្ណទេ ត្រូវទៅធ្វើឱ្យបានគ្រប់គ្នា ប្រសិនបើមានហើយ តែបានបាត់ ឬខូច ក៏ត្រូវរួសរាល់ទៅធ្វើឡើងវិញ ឬក៏ប្រសិនបើបានអត្តសញ្ញាណប័ណ្ណហើយ តែខុសទិន្នន័យ ក៏ត្រូវរាយការណ៍ទៅសមត្ថកិច្ច និងអាជ្ញាធរដែរ ដើម្បីឱ្យពួកគេផ្ដល់សេវាកែតម្រូវឡើងវិញ។

គួរជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងត្រូវប្រព្រឹត្តទៅនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។

ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ លោក ថោង ខុន បានជំរុញឱ្យប្រជាជនទៅចាក់វ៉ាក់សាំងដូសទី៣ឱ្យបានគ្រប់គ្នា និងដូសទី៤ចំពោះអ្នកដែលដល់វេន ពីព្រោះវ៉ាក់សាំងនេះគឺជាកងការពាររាងកាយយ៉ាងសំខាន់ក្នុងការបង្ការមេរោគនិងជំងឺកំណាចនេះ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន មិនដែលខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជនឡើយ ពោលគឺសម្ដេចតេជោបានគិតគូរយ៉ាងចិត្តទុកដាក់ចំពោះសុខភាពប្រជាជនជាធំ ទោះតម្លៃណាក៏ដោយក៏មិនឱ្យខ្វះវ៉ាក់សាំងចាក់ជូនប្រជាជនឡើយ ព្រោះមានទាំងវ៉ាក់សាំងដែលទិញ វ៉ាក់សាំងជំនួយ។

លោកបានបន្តថា បច្ចុប្បន្ន ទោះបីការឆ្លងមេរោគកូវីដ១៩បំប្លែងថ្មីអូមីក្រុងមិនធ្វើឱ្យមនុស្សស្លាប់ក៏ពិតមែន ប៉ុន្តែកំណើននៃការឆ្លងគឺមានការកើនឡើងខ្លាំង ដែលបង្កហានិភ័យដល់សុខភាពសាធារណៈនៅកម្ពុជា ដូច្នេះប្រជាជនត្រូវតែទៅចាក់វ៉ាក់សាំងដូសទី៣ឱ្យបានរហ័ស។

លោកបានរំឭកឡើងវិញឱ្យប្រជាជនទាំងអស់ត្រូវរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងនោះត្រូវមានការចាក់វ៉ាក់សាំង ការអនុវត្តវិធានការណ៍ «៣-ការងារ ៣-កុំ» កាត់បន្ថយការជួបជុំ ទោះបីជួបជុំក្នុងពិធីផ្សេងៗក៏ត្រូវនៅឱ្យឆ្ងាយពីគ្នា ពិសេសពាក់ម៉ាស ថែរក្សាអនាម័យ។ ប្រជាជនត្រូវតែប្រឹងរស់នៅប្រកបមុខរបរប្រចាំថ្ងៃ តែកុំភ្លេចការពារខ្លួនពីជំងឺកូវីដ១៩ តាមរយៈវិធានការណ៍ទាំងឡាយខាងលើ គួបផ្សំនឹងថ្នាំព្យាបាលដែលត្រូវនឹងអាការជាក់ស្ដែង។

អ្វីដែលពិសេសលើសពីនេះ លោក ថោង ខុន បានណែនាំជំរុញដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោកត្រូវចូលរួមអនុវត្តសារាចរលេខ ០២ស.រ. ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង ដើម្បីការពារសុខភាពសាធារណៈនៅមូលដ្ឋាន។

ក្រៅពីកិច្ចការខាងលើនេះ លោកប្រធាន ថោង ខុន ក៏បានជំរុញការបង្កបង្កើនផលកសិកម្មផងដែរ ព្រោះជិតដល់រដូវធ្វើស្រែហើយដែរ ដើម្បីជួយជំរុញជីវភាពគ្រួសារបន្តទៀត៕