(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រាជរដ្ឋាភិបាលនឹងមិនអាចបញ្ចុះតម្លៃពន្ធលើប្រេងឥន្ធនៈបាននោះទេ ព្រោះវានឹងធ្វើឱ្យប៉ះពាល់ចំណូល និងថវិកាជាតិ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ច។

ការលើកឡើងរបស់លោក វង្សី វិស្សុត ធ្វើឡើងបន្ទាប់ពីមានលើកឡើងឱ្យរាជរដ្ឋាភិបាលបញ្ចុះតម្លៃពន្ធលើប្រេងឥន្ទនៈ ខណៈបច្ចុប្បន្ននេះតម្លៃប្រេងឥន្ធនៈលក់រាយតាមស្ថានីយ៍នីមួយៗ កើនឡើងដល់ជាង៥ពាន់រៀល សម្រាប់សាំងស៊ុបពែរ, តម្លៃ៤៧០០រៀល សម្រាប់ប្រេងសាំងធម្មតា និង៤៤៥០រៀល សម្រាប់ប្រេងម៉ាសូត។

នៅក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២» រៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក វង្សី វិស្សុត លើកឡើងថា ការឡើងថ្លៃនៃប្រេងឥន្ទនៈនេះ គឺជានិន្នាការរួម ដែលប៉ះពាល់ទាំងអស់គ្នា។ ជាមួយគ្នានេះ រដ្ឋបានជួយសម្រួលមួយចំនួនហើយ ដូចជារដ្ឋបានកំណត់អត្រាពន្ធមួយថេរ បើទោះបីជាតម្លៃប្រេងនាំចូលពីទីផ្សារអន្តរជាតិ ឡើងឬថយចុះក៏ដោយ។

ទន្ទឹមគ្នានេះ ក្រសួងពាណិជ្ជកម្ម បានតាមដានការលក់រាយរៀងរាល់ខែ ដើម្បីកំណត់ថ្លៃប្រេងឥន្ធនៈលក់នៅតាមស្ថានីយនីមួយ សម្រាប់ប្រេងសាំងធម្មតា និងម៉ាសូត កុំឱ្យមានកេងបន្លំផ្សេងៗផងដែរ។

លោកបានអះអាងថា បើមានការបញ្ចុះតម្លៃពន្ធលើប្រេងសាំង នឹងធ្វើឱ្យប៉ះពាល់ដល់ចំណូលជាតិក្នុងទំហំធំមួយ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «យើងយល់ហើយការលំបាករបស់អ្នករកស៊ី អ្នកក្រីក្រ។ តែយើងមិនមែនខ្វះចំណូលតែអ្នករកស៊ី ពាក់ព័ន្ធនឹងប្រេងទេ យើងខ្វះចំណូលទៅចំណាយទ្រទ្រង់អ្នកក្ររាប់លាននាក់ ដែលយើងកំពុងឧបត្ថម្ភ ឥឡូវនេះយើងកំពុងជួយអ្នកក្រមួយខែៗ ប្រមាណ៣០លានដុល្លារ […] នេះជាជំរើសគោលនយោបាយមួយដ៏ពិបាក ហើយជឿថាសភាពការណ៍បច្ចុប្បន្ននេះ ការបន្ថយពន្ធលើប្រេងសាំងមិនទាន់ជាជម្រើសល្អ ជាងឧបត្ថម្ភអ្នកដែលលំបាក និងអ្នកដែលងាយរងគ្រោះនោះទេ»

ជាមួយគ្នា មន្រ្តីតំណាងអគ្គនាយកដ្ឋាគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទោះបីជាទំនិញនៅលើទីផ្សារអន្តរជាតិឡើងថ្លៃ ប៉ុន្តែរដ្ឋបានគិតគូរមិនដំឡើងទៅតាមតម្លៃទីផ្សារពិភពលោកនោះទេ គឺគិតពន្ធតាមតម្លៃមួយថេរ។

នៅឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលចំណូលពន្ធពីការនាំចូលផលិតផលតេលសិលា (ប្រេងឥន្ធនៈ) មានចំនួន ២,១៥៧.១ប៊ីលានរៀល ស្មើនឹងប្រមាណជិង២៥០លានដុល្លារ៕