(ភ្នំពេញ)៖ ស្របតាមផែនការដោះស្រាយបញ្ហា ទឹកជន់លិច របស់សាលារាជធានីភ្នំពេញ ក្រុមការងារមន្ទីរសាធារណការរាជធានី បានចុះពិនិត្យ និងជំរុញការជីកស្តារភក់ និងកាយសំរាម នៅប្រឡាយបឹងត្របែក ចាប់ពីផ្លូវលេខ៤៨៨ ដល់ស្ថានីយ៍បឹងត្របែក និងបានពិនិត្យការដ្ឋានសាងសង់ ស្ថានីយ៍បូមទឹកថ្មីបឹងត្របែកផងដែរ។
ជាលទ្ធផលគិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ ការដ្ឋានដំណើការកាយសំរាម ចេញពីពោះប្រឡាយ និងដឹកចេញដោយរថយន្តបានចំនួន ១១២ជើង ឯលទ្ធផលសាងសង់ស្ថានីយ៍បូមទឹកថ្មីសម្រេចបាន៥០%នៃគម្រោង ហើយការដ្ឋាននេះ កំពុងមមាញឹកទាំងថ្ងៃទាំងយប់។
គួរបញ្ជាក់ រដ្ឋបាលរាជធានីភ្នំពេញ តែងតែអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ ធ្វើការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ពិសេសកុំចោលសំរាមចូលក្នុងលូរ ឬប្រឡាយបង្ហូរទឹក ដែលនាំឲ្យកកស្ទះចរន្តទឹកហូរ ពិសេសនៅពេលមានភ្លៀងធ្លាក់ម្តងៗ៕