(ភ្នំពេញ)៖ ក្រុមបាតករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន១៩នាក់បន្ថែមទៀត ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងចំណោមមនុស្ស៧៨នាក់ ដែលបានយកសំណាកលើកទី២។ នេះបើតាមសេចក្ដីជូនដំណឺងរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច នាយប់ថ្ងៃទី១៨ ខែកុម្ភៈ។
ក្នុងសេចក្ដីជូនដំណឺងដដែលនេះ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើតេស្តយកសំណាកដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ លើកទី២ ចំនួន៧៨នាក់ បន្ថែមទៀត ក្នុងចំណោមក្រុមបាតុករដែលបានមកយកសំណាកចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ (សរុបចំនួន៨៧៩នាក់)។ ជាលទ្ធផលគិតត្រឹមម៉ោង១៧:០០នាទីនៅល្ងាចថ្ងៃដដែលនេះ មានចំនួន១៩នាក់បន្ថែមទៀត ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន។
មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ណែនាំក្រុមបាតុករ និងអ្នកពាក់ព័ន្ធទាំងអស់ដែលជាអ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់ខាងលើ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឲ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល។ ទន្ទឹមនឹងនេះមន្ទីរក៏សូមអំពាវនាវយ៉ាងទទូចដល់ក្រុមបាតុករដែល
មិនទាន់មកយកសំណាកលើកទី២ សូមរួសរាន់មកយកសំណាកនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ កុំបីខាន៕