(បាត់ដំបង)៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អនុប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយស្រុកសង្កែ និងជាប្រធានក្រុមការងារ គណបក្សប្រជាជន ចុះជួយឃុំអន្លង់វិល និងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង និងក្រុមការងារបានយកអំណោយ ដែលជាមូលនិធិ របស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយខេត្តបាត់ដំបង ដល់តាមផ្ទះប្រជាពលរដ្ឋ ដែលក្នុងគ្រួសារមានសមាជិកសម្រាលកូន និងគ្រួសារដែលមានសមាជិកស្លាប់ ស្ថិតនៅក្នុងឃុំអន្លង់វិល ចំនួន៤៨គ្រួសារ និងសម្ភារៈ មួយចំនួនផេ្សងទៀត អស់ថវិកាសរុបចំនួន ១២,៤១០,០០០រៀល។
នាក្នុងឱកាសនោះលោកឧត្តមសេនីយ៍ បានសំណេះសំណាលសួរសុខទុក្ខជាមួយ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំអន្លង់វិល និងបានផ្តាំផ្ញើរការសួរសុខទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេ និងលោកស្រី ហើយជានិច្ចជាការ សម្តេចក្រឡាហោម និងលោកស្រី តែងតែយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋគ្រប់រូប។
បន្ទាប់មកលោកឧត្តមសេនីយ៍ បានដឹកនាំក្រុមការងារបន្តចុះត្រួតពិនិត្យ ការសាងសង់ទីស្នាក់ការ គណបក្សប្រជាជនឃុំរកា ដែលកំពុងដំណើរការសាងសងបាន៩៥% ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច ក្រឡាហោម ស ខេង ស្ថិតនៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង៕