(កំពត)៖ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត «កំពត-កែប» បន្តបើកអង្គសិក្ខាសាលា នៃទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រលើកទី១០ តាមប្រព័ន្ធ (Zoom) ដែលរៀបចំធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពត នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។
ពិធីនេះបានធ្វើឡើងក្រោមធិបតីលោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ដោយចូលរួមក្នុងអង្គសិក្ខាសាលាផ្ទាល់ ពីសំណាក់ថ្នាក់ដឹកនាំក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ សមាជិក សមាជិកា ក្រុមប្រឹក្សាគណៈគ្រូពេទ្យ មកពី២៥រាជធានីខេត្ត, តំណាងក្រុមហ៊ុនឱសថនានា និងអ្នកពាក់ព័ន្ធក្នុងទូទាំងប្រទេសសរុបជាង៨០០នាក់ ដោយអង្គសិក្ខាសាលានេះ មានរយៈពេលពេញមួយថ្ងៃ។
ក្នុងអង្គសិក្ខាសាលា លោកវេជ្ជបណ្ឌិត កែវ សុផាន់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បានលើកឡើងថា គោលបំណង នៃសិក្ខាសាលានេះ គឺដើម្បីជាការជួបជុំបង្ហាញ និងជំរុញការលើកកំពស់ពី វឌ្ឍនភាពវិជ្ជាជីវៈវេជ្ជសាស្រ្ត សំដៅ ធ្វើយ៉ាងណាពង្រឹងសមត្ថភាពគុណភាព បង្កើននូវក្រមសីលធម៌ នៃវិជ្ជាជីវៈគ្រូពេទ្យ ព្រមទាំងសុវត្ថិភាព នៃការប្រើប្រាស់ឱសថ ការអនុវត្តន៍ច្បាប់ ក៏ដូចជាការចូលរួមកាត់បន្ថយហានិភ័យ អត្រាគ្រោះថ្នាក់ផ្សេងៗ ក្នុងការផ្ដល់សេវាសុខាភិបាលសាធារណៈនិងឯកជន។
លោកវេជ្ជបណ្ឌិត តាន់ ឆេង អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត ក៏បានចាត់ទុកអង្កសិក្ខាសាលាដ៏មានសារៈសំខាន់ពេលនេះ គឺជាការរួមចំណែក កសាងសមត្ថភាព និងធនធានមនុស្ស ដើម្បីបង្កើនគុណភាព នៃការផ្ដល់សេវាសុខាភិបាល ទាំងវិស័យសាធារណៈ និងឯកជន ប្រកបដោយប្រសិទ្ធភាព សាកសិទ្ធភាព និងទទួលបានទំនុកចិត្ត ពីអ្នកប្រើប្រាស់សេវា ក្នុងគោលដៅរួមចំណែក លើកស្ទួយវិស័យសុខាភិបាល នៃកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ឈ្លៀសវៃ និងត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ជាពិសេសនាពេលថ្មីៗនេះក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
តាមរយៈប្រព័ន្ធ online លោកសាស្ត្រាចារ្យ ធា គ្រុយ បានថ្លែងថា ការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈគ្រូពេទ្យ គឺចាំបាច់ គ្រូពេទ្យទាំងអស់ ត្រូវបំពេញករណីយកិច្ចវិជ្ជាជីវៈ មិនអាចខ្វះបាន ព្រោះថាគ្រូពេទ្យមិនមែនជាការរកស៊ីទេ។
ផ្ដើមចេញទាំងនេះ គឺតម្រូវឲ្យគ្រូពេទ្យមានសមត្ថភាពជំនាញមាំទាំ ច្បាស់លាស់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដែលទាមទារឲ្យមានលក្ខណៈសម្បត្តិចាំបាច់ ដើម្បីធានាថា ការថែទាំ ការព្យាបាលអ្នកជំងឺប្រកបដោយវិជ្ជាជីវៈទាំងគុណភាពប្រសិទ្ធភាពនិងសុវត្ថិភាព។
លោកបន្តថា បើទោះបីកន្លងមក ស្ថានភាព ការឆ្លងរាលដាលជំងឺកូវីដ១៩ ធ្វើឲ្យអាក់ខានការរៀបចំសិក្ខាសាលា មួយរយៈពេលធំ ប៉ុន្តែការចាប់ផ្ដើមរៀបចំ ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ បន្តលើកទី១០ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តកំពត-កែបឡើងវិញ ក្រោមកិច្ចគាំទ្រពីគណៈគ្រូពេទ្យជាតិ និងមន្ទីរសុខាភិបាលខេត្តកំពតពេលនេះ គឺចង់ឱ្យអ្នកចូលរួម ដោយផ្ទាល់ និងប្រយោលទាំងអស់ តាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេស ទទួលបានផលពីអង្គសិក្ខា សាលានេះ ដើម្បីធ្វើយ៉ាងណាធានាទាំងគុណភាព និងគុណប្រយោជន៍នៃសិក្ខាសាលា សំដៅពង្រឹងបន្ថែមរាល់ការចេះដឹង ឲ្យបានមាំទាំច្បាស់លាស់ថែមទៀត។
ដូច្នេះសមាជិកអង្គសិក្ខាសាលាទាំងអស់ ត្រូវចូលរួមការស្ដាប់ការសិក្សាស្រាវជ្រាវ ផ្លាស់ប្ដូរ និងចូលរួមកែលម្អ តាមរយៈបទបង្ហាញ និងកាទទួលយកបទពិសោធន៍ ដំណោះស្រាយល្អៗ ចេញពីអង្គរសិក្ខាសាលានេះ ដើម្បីយកទៅបំពេញតួនាទី ភារកិច្ច និងប្រតិបត្តិវិជ្ជាជីវៈរបស់ខ្លួន តាមបណ្ដាមូលដ្ឋានសុខាភិបាលសាធារណៈ ក៏ដូចជាសេវាឯកជន នៅលក្ខខណ្ឌបច្ចេកទេស និងសុវត្ថិភាពបានកាន់តែល្អប្រសើរថែមទៀត៕