(ភ្នំពេញ)៖ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២២ខាងមុខនេះ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានរួមជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានរៀបចំកិច្ចពិភាក្សា ស្តីពី «ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ»។
កិច្ចពិភាក្សានេះ មានការបកស្រាយពីវាគ្មិនចំនួន ៥នាក់ មកពីមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, តំណាងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខា, តំណាងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា, តំណាងស្ត្រីមានផ្ទៃពោះ, និងតំណាងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ ព្រមទាំងមានការសម្របសម្រួលកិច្ចពិភាក្សាទាំងមូលតាមរយៈអនឡាញ (Zoom) ដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។
កម្មវិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ព្រមទាំងអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ-មន្ត្រីកាកបាទក្រហមកម្ពុជា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តំណាងមន្ត្រីសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកណ្តាល សរុបប្រមាណ ៣០នាក់។
មុននឹងឈានដល់ដំណើរការនៃកិច្ចពិភាក្សាខាងលើនេះ វាគ្មិនទាំង ៥នាក់ និងអ្នកចូលរួមទាំងអស់ បានត្រងត្រាប់ស្តាប់នូវខ្លឹមសារគន្លឹះសំខាន់ៗនៅក្នុងមតិបើកកម្មវិធីរបស់ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានគូសបញ្ជាក់ថា ប្រធានបទនៃកិច្ចពិភាក្សានេះ គឺស្របទៅនឹងប្រធានបទរបស់ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២២ ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចេញសារលិខិតផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងនាមជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ។
ក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជម្រាបជូនពីស្ថានភាពសុខភាពមាតា ទារក និងកុមារ នៅកម្ពុជា នៅក្នុងបរិបទនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទជំងឺកូវីដ-១៩ រួមជាមួយនឹងអ្វីដែលកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បាននិងកំពុងរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់សុខុមាលភាពស្រ្តី និងកុមារ ឈានឆ្ពោះការសម្រេចបានគោលដៅអភិវឌ្ឍន៍មានចីរភាពឆ្នាំ២០៣០។
លោកស្រី បានបញ្ជាក់ផងដែរថា «ឆ្នាំ២០២២ គឺជាឆ្នាំទី១២ហើយ ដែលរាជរដ្ឋាភិបាលបានកំណត់ថ្ងៃទី២១កុម្ភៈ ជារៀងរាល់ឆ្នាំ ជាទិវាជាតិសុខភាពមាតា ទារក និងកុមារ តាមការស្នើសុំរបស់ក្រសួងសុខាភិបាល (តាមរយៈ អនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១១)។ អនុក្រឹត្យ ដែលបានកំណត់យកកាលបរិច្ឆេទ ថ្ងៃ២១កុម្ភៈនេះដែរ គឺជាថ្ងៃដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលពីអង្គការសហប្រជាជាតិនូវគោរមងារជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ហើយដែលការសម្រេចចិត្តទទួលយកគោរមងារនេះ ឆ្លុះបញ្ចាំងឱ្យឃើញនូវការប្តេជ្ញាចិត្តរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការទទួលយកនូវភារកិច្ចដ៏ឧត្តុង្គឧត្តមបន្ថែមមួយទៀត ដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិកម្ពុជាយើង គឺចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង កាត់បន្ថយអាត្រាមរណៈរបស់មាតា ទារក ក្នុងពេលសម្រាលឱ្យបានធ្លាក់ចុះមកនៅកម្រិតអប្បបរមាបំផុត»។
ក្នុងឱកាសនោះដែរ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំនូវប្រសាសន៍នៃការផ្តាំសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ដែលជានិច្ចកាល តែងតែគិតដល់សុខទុក្ខបង-ប្អូនរួមជាតិ ជាពិសេសការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណចំពោះវាគ្មិនដែលបានចូលរួម រួមទាំងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានរៀបចំឱ្យមានកិច្ចពិភាក្សាបែបនេះជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១២រៀងមក ដែលនេះគឺជាវិធីសាស្ត្រមួយធ្វើឱ្យអត្ថន័យ និងខ្លឹមសារទាំងអស់ បានជ្រួតជ្រាបដល់បង-ប្អូនរួមជាតិយើង ហើយជារួម បាននិងកំពុងរួមចំណែក ធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបទក្នុងចំណោមស្ត្រីជាមាតា ស្ត្រីមានផ្ទៃពោះ។
លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានគូសបញ្ជាក់ថា «បច្ចុប្បន្ននេះ យើងកត់សម្គាល់ឃើញថា ស្ត្រីភាគច្រើនបានទៅពិនិត្យផ្ទៃពោះតាមការណាត់របស់គ្រូពេទ្យ ទៅទទួលសេវាថែទាំ និងថ្នាំបង្ការការចម្លងមេរោគផ្សេងៗ ដូចជា មេរោគអេដស៍ មេរោគស្វាយ ជំងឺរលាកថ្លើមប្រភេទបេពីម្តាយមកទារកក្នុងផ្ទៃ, បានបោះបង់ទម្លាប់សម្រាលដោយឆ្មបបុរាណ មកជាការទៅសម្រាលកូន នៅមណ្ឌលសុខភាព នៅមន្ទីរពេទ្យបង្អែក និងកន្លែងដែលមានពេទ្យជំនាញ, កាត់បន្ថយបានយ៉ាងពិតប្រាកដ អាត្រាមរណៈរបស់មាតានិងទារក គឺជាក់ស្តែង ពីចំនួន ២០៦ លើអាត្រាមួយសែនកំណើតរស់នៅឆ្នាំ២០១៤ ឱ្យចុះមកនៅចំនួន ១៤១ លើអាត្រាមួយសែនកំណើតរស់នៅឆ្នាំ២០១៩»។
លោកស្រីកិត្តិបណ្ឌិត បានបញ្ជាក់ទៀតថា «ក្នុងស្ថានភាពបិទខ្ទប់ និងការខ្លាចរអាដោយសារ ស្ថានភាពជំងឺកូវីដ-១៩កន្លងមក បានធ្វើឱ្យស្ត្រីជាមាតាមួយចំនួន មិនបានទៅពិនិត្យផ្ទៃពោះបានយ៉ាងតិច៤ដង និងទៅតាមការកំណត់របស់គ្រូពេទ្យ ធ្វើឱ្យស្ត្រីជាមាតាមួយចំនួននោះ ជួបហានិភ័យខ្ពស់ចំពោះអាយុជីវិតមាតា ទារក ក្នុងពេលសម្រាល។ ប្រធានបទនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ឆ្នាំ២០២២នេះ ហើយក៏ជាប្រធានបទនៃកិច្ចពិភាក្សាថ្ងៃនេះ គឺជាការគូសបញ្ជាក់នូវការបេ្តជ្ញាចិត្តរបស់ក្រសួងសុខាភិបាល របស់អង្គភាពជំនាញនានា ជាពិសេស អ្នកផ្តល់សេវាទាំងអស់ ក្នុងការពង្រឹងការផ្តល់សេវារបស់ខ្លួន។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដើរតាមមគ្គុទ្ទេសក៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែបន្តខិតខំ រួមទាំងប្តេជ្ញាចិត្តចូលរួមគាំទ្រ ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព»។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត បានពាំនាំនូវសារអំពាវនាវទាំង ៦ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនចំពោះ បង-ប្អូនរួមជាតិក្នុងឱកាសនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២២នេះផងដែរ៕