(ភ្នំពេញ)៖ នៅវេលាម៉ោងជាង៥ល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនមន្រ្តីអាដហុកចំនួន៤រូប និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ទៅដល់តុលាការហើយ ដើម្បីឲ្យតំណាងអយ្យការបន្តការសួរនាំ និងមានវិធានការបន្តទៀត។
មន្រ្តីអាដហុកទាំង៤រូបរួមមាន លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោកស្រី លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់អាដហុក និងលោក នី ចរិយា អគ្គលេខាធិការ គ.ជ.ប។
សូមបញ្ជាក់ថា កាលចុងសប្តាហ៍មុន កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា បានចេញលិខិតចំហរមួយ ដោយបានសរសេររៀបរាប់អំពីរឿងរ៉ាវដែលនាំឱ្យនាងលាក់បាំង មិនឆ្លើយការពិតប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។
មូលហេតុដែលនាងមិនឆ្លើយការពិតប្រាប់ សមត្ថកិច្ច នៅនាយកដ្ឋានប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន របស់ក្រសួងមហាផ្ទៃ និងសារព័ត៌មាននានាកន្លងមកនោះ ត្រូវបានស្រីមុំលាតត្រដាងតាមលិខិតចំហរនេះថា ដោយសារតែមានការបង្គាប់ពី លោក កឹម សុខា មន្រ្តីសង្គមស៊ីវិល រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ អ្នកពាក់ព័ន្ធដែលស្រីមុំចោទថា បញ្ចុះបញ្ចូលឲ្យរូបនាងឱ្យនិយាយកុហកនោះ មានដូចជា លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ាន់ដា និងលោកស្រី លឹម មុន្នី មន្រ្តីអង្គការអាដហុក និងលោកស្រី ធី ឃីៈ ប្រធានអង្គការសីលការ, ប្រធានអង្គការណ្កដស៊ី, លោក ស៉ឺន សាលី មន្រ្តីអង្គការសិទ្ធិមនុស្ស UN និងឈ្មោះ ស៊ាង ចែត មេឃុំស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលត្រូវឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ជាដើម។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពី ACU អនុញ្ញាតឱ្យប្រធានអាដហុក ចូលស្តាប់ការសម្រេច របស់ខ្លួន នាវេលាថ្ងៃត្រង់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នោះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានអះអាងថា ចម្លើយរបស់មន្រ្តីគ.ជ.ប និង មន្រ្តីអាដហុក ដែលត្រូវឃុំខ្លួនទាំង៥នាក់នោះ មានភាពស៊ីសង្វាក់គ្នាទៅនឹងភស្តុតាងដែលប្រមូលបានដោយសមត្ថកិច្ច។
លោកថា «ក្រោយពីស្តាប់ចម្លើយទៅ ចម្លើយរបស់ពួកគាត់ស៊ីចង្វាក់ ជាមួយនឹងភស្តុតាង ជាមួយនឹងចម្លើយអ្នកផ្សេងដែលមាន។ ចំណែក អ្នកស្រី ធីតា ឃឹះ និងអ្នកស្រីមេធាវីម្នាក់ទៀត គឺចម្លើយរបស់គាត់ច្បាស់លាស់ជាងចម្លើយអ្នកផ្សេងដែលចោទគាត់ រាប់ទាំងគ្នាគាត់ចោទ គាត់ អញ្ចឹងយើងជឿជាក់លើចម្លើយគាត់ជាង យើងជឿថាគាត់មិនមានការពាក់ព័ន្ធ គាត់បានទាក់ទងធ្វើការឱ្យស្រីមុំដោយវិជ្ជាជីវៈពិតប្រាកដ ដោយតួនាទីជា NGO ពិតប្រាកដ»។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បាននិយាយថា មន្រ្តីអង្គការសហប្រជាជាតិម្នាក់ដែលមិនបានចូលខ្លួនតាមការកោះហៅនោះ នឹងត្រូវប្រឈមនឹងការនាំខ្លួន។ លោកថា «ច្បាប់ មានន័យថា នៅពេលដែលយើងខ្ញុំធ្វើលិខិតកោះម្តងមិនចូល លើកទី២ នឹងនាំខ្លួន»៕