(ភ្នំពេញ)៖ បន្ទាប់ពីមានការអំពាវនាវ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច ថ្មើរជើងលេខ៧០បានបញ្ជាឲ្យនាយទាហាន ដែលទទួលខុសត្រូវ ខាងផ្នែកផលិតទឹកទាំងអស់ ក្នុងអង្គភាពរបស់ខ្លួន ត្រូវតែខិតខំប្រឹងប្រែង ធ្វើយ៉ាងណា ផលិតទឹកទាំងយប់ទាំងថ្ងៃ ដើម្បីផ្ដល់ទឹកជូនប្រជាពលរដ្ឋ គ្រប់ទីកន្លែង ដែលកំពុងខ្វះខាតយ៉ាងខ្លាំងនោះ ក្នុងន័យជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ពិសេសនៅតំបន់ដាច់ស្រយាល ដែលកំពុងតែរងគ្រោះ ដោយគ្រោះរាំងស្ងួតក្នុងឆ្នាំនេះ ។
ជាក់ស្ដែង នៅប៉ុន្មានថ្ងៃកន្លងមកនេះ លោកឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ បានចាត់តាំងឲ្យលោកស្រី ឧត្តមសេនីយទោ អ៊ុក ដារា តំណាងមេបញ្ជាការរង កងពលតូចថ្មើរជើង ចុះសហការជាមួយ កាកបាទក្រហមកម្ពុជា បានផ្ដល់ទឹកស្អាត និងទឹកប្រើប្រាស់ ជាច្រើនម៉ឺនលីត្រ ជូនដល់ប្រជាពលរដ្ឋ ជាច្រើនភូមិ ឃុំ ក្នុងខេត្ដកំពង់ស្ពឺ។
លោកស្រីឧត្តមសេនីយទោ អ៊ុក ដារា បានប្រាប់ Fresh News ថា «អង្គភាពយើងខ្ញុំ នឹងខិតខំប្រឹងប្រែងឲ្យអស់ ពីកម្លាំងកាយចិត្ដ មិនថាយប់ឬថ្ងៃ ដើម្បីផលិតទឹក និងដឹកជញ្ជូនទឹកស្អាត សម្រាប់បរិភោគ និងទឹកប្រើប្រាស់ ជូនដល់ប្រជាពលរដ្ឋ គ្រប់ច្រកល្ហកទាំងអស់ នៅតាមបណ្ដា ស្រុក ខេត្ដ ដែលកំពុងតែខ្វះខាតទឹក សម្រាប់ប្រើប្រាស់ ទៅដល់ផ្ទះប្រជាពលរដ្ឋផ្ទាល់ៗតែម្ដង ពិសេសកុមារកំព្រា ចាស់ជរា ស្រ្ដីមេម៉ាយ និងជនពិការផងដែរ »។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណដល់ សម្ដេចតេជោ ហ៊ុន សែន និងកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលយល់សុខទុក្ខ ប្រជាជាពលរដ្ឋគ្រប់ពេលវេលា មិនថាប្រជាពលរដ្ឋជួបគ្រោះធម្មជាតិក្ដី ទោះជួបការលំបាកគ្រប់រូបភាពក៏ដោយ គឺតែងតែមានវត្ដមានសម្ដេច និងកាកបាទក្រហមកម្ពុជា ចាំជួយក្នុងគ្រាមានអាសន្ន មិនថាយប់ ឬថ្ងៃនោះទេ ពិសេសក្នុងរយៈប៉ុន្មានថ្ងៃមកនេះ បានអំពាវឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ រួមទាំងកងពលតូចថ្មើរជើង លេខ៧០ ផងដែរ បានចុះចែកទឹកជូនប្រជាពលរដ្ឋ គ្រប់ខេត្ដទាំងអស់។
គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ ទីតាំងផលិតទឹកសុទ្ធមានចំនួន ៤ទីតាំង ក្នុងនោះមានបីទីតាំង ដែលបានផលិតទឹកសុទ្ធ ប្រើប្រាស់ជាច្រើនឆ្នាំមកហើយ គឺនៅកងពលតូច ,នៅមណ្ឌលសុខភាព មរតកតេជោ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាំងអំពិល និងនៅឃុំត្មាតពង ក្នុងវរៈសេនាតូចលេខ៣ និងទីតាំងថ្មីមួយទៀត ស្ថិតនៅស្រុកជុំគិរី ខេត្តកំពត ដែលបានសាងសង់ជិតរួចរាល់ ជាង៨០ភាគរយហើយ៕