(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសារាចរ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទ «អូមីក្រុង»។

តាមសារាចរដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទ «អូមីក្រុង» (Omicron) ដែលមានកម្រិតឆ្លងរាលដាលលឿន និង សកម្មជាងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ត្រូវបានរកឃើញជាលើកដំបូងក្នុងសហគមន៍នៅកម្ពុជា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ហើយក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ អត្រានៃការឆ្លងរាលដាល ក្នុងសហគមន៍នៃមេរោគប្រភេទ «អូមីក្រុង» មានការកើនឡើងគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់។

សារាចរបានបន្តថា ទោះបីជាមាន ការស្រាវជ្រាវបែបវិទ្យាសាស្ត្រជាច្រើន បានបង្ហាញថា មេរោគប្រភេទ «អូមីក្រុង» នេះ មិនមានកម្រិត គ្រោះថ្នាក់ធ្ងន់ធ្ងរ ដូចមេរោគប្រភេទដែលតា (Delta) ក៏ដោយ ប៉ុន្តែ ការបន្តកើនឡើងជាគំហុកនូវចំនួនអ្នក ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនេះ នឹងបង្កជាហានិភ័យសម្រាប់ប្រព័ន្ធសុខភាពសាធារណៈនៅកម្ពុជា ហានិភ័យ ដល់សុខភាពនិងអាយុជីវិតរបស់ប្រជាជន ជាពិសេស អ្នកជំងឺកូវីដ-១៩ ដែលមិនបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញ និងអ្នកជំងឺកូវីដ-១៩ ដែលមានជំងឺប្រចាំកាយគួបផ្សំផ្សេង ឬដែលមានប្រព័ន្ធការពារខ្លួនខ្សោយ ព្រមទាំងអាចបង្កផលប៉ះពាល់ដល់ការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ ដែលបាននិងកំពុងដំណើរការទៅដោយរលូននៅកម្ពុជា។

ដើម្បីធានាបាននូវនិរន្តរភាពនៃការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គមពេញលេញ ឡើងវិញលើគ្រប់វិស័យ និងដើម្បីបន្តធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការ ឆ្លងរាលដាលនៃមេរោគកូវីដ-១៩ពិសេស មេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង ដោយមានការចូលរួមពីអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាជនទូទៅ ប្រកបដោយស្មារតីទទួលខុសត្រូវ ដូចដែលកម្ពុជាធ្លាប់បានអនុវត្ត រហូតឈានទៅបិទបញ្ចប់ប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ ដែលបណ្ដាល មកពីមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា (Delta) នាពេលកន្លងមក រាជរដ្ឋាភិបាលបានធ្វើការ ណែនាំដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធគណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធ ក៏ដូចជាលើកទឹកចិត្តដល់ប្រជាជនទូទៅ ឱ្យបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តវិធានការនានា ដូចខាងក្រោម៖