(ពោធិ៍សាត់)៖ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណ:កម្មាធិការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នារសៀលថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២២នេះ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ ជាអង្ករ សម្ភារ និងថវិកា ពីសប្បុរសជន ដើម្បីទុកចែកជូនបន្ត ដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាតពិតប្រាកដ និងសម្រាប់យុទ្ធ នាការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងខេត្ត។

ក្នុងនាមរដ្ឋបាលខេត្ត លោក ជាវ តាយ ក៏បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌របស់សប្បុរសជន ដែលជាម្ចាស់អំណោយ។ លោក ចាត់ទុកថា អំណោយទាំងអស់នេះពិតជាសំខាន់ក្នុងស្មារតី និងកាយវិការមនុស្សធម៌ដ៏ប្រពៃ ដើម្បីរួចចំណែកជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដែលកំពុងមាន តម្រូវការ ចាំបាច់សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះផ្សេងៗម្តងម្កាល ជាពិសេសក្នុងយុទ្ធនាការរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅក្នុងខេត្ត។

លោក ជាវ តាយ បានបញ្ជាក់ថា នឹងនាំយកអំណោយទាំងអស់នោះទៅប្រើប្រាស់ និងទុកចែកជូនបន្តដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ទៅតាមអ្វីដែលអាចធ្វើបាន។

អំណោយរបស់លោក វ៉ាន់ វ៉ាត និងភរិយា បានផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ នាឱកាសនេះរួមមាន៖ អង្ករ៣០បាវ(ក្នុងមួយបាវ ២៥គីឡូក្រាម), មុង៥០, អាល់កុល ៣កេស(៣៦០ដប), មី២០កេស, ទឹកត្រី២០យួរ និងថវិកា២លានរៀល៕