(ភ្នំពេញ)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រគល់កុំព្យូទ័រ ចំនួន៩គ្រឿង និងថវិកាម្នាក់ ៣០ម៉ឺនរៀល ជារង្វាន់ លើកទឹកចិត្តជូនដល់សិស្សឆ្នើមចំនួន៩នាក់ ដែលបានប្រឡងជាប់និទ្ទេស A ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០-២០២១ កន្លងទៅនេះ។

លើកឡើងនាឱកាសនោះ លោក ញ៉ែម សំអឿន ក៏បានជំរុញដល់សិស្សជ័យលាភីទាំងអស់ ត្រូវតែខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីបំប៉ន និងលើកកម្ពស់ សមត្ថភាពរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ទាំងខាងចំណេះដឹង ចំណេះធ្វើ ខាងសីលធម៌សុជីវធម៌ សម្រាប់យកទៅប្រើប្រាស់ឱ្យបានជាគុណប្រយោជន៍ដល់ខ្លួនឯងផង គ្រួសារផង និងសង្គមជាតិផង។ ដោយឡែកចំពោះសិស្សានុសិស្សដែលមិនបានប្រឡងជាប់ លោកក៏បានលើកទឹកចិត្តដល់ពួកគេ មិនត្រូវអស់សង្ឃឹម និងកុំបោះបង់ចោលការសិក្សា គឺត្រូវខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីទទួលបានលទ្ធផលជោគជ័យនៅឆ្នាំសិក្សាបន្ទាប់។

លោក ញ៉ែម សំអឿន ក៏បានថ្លែងអំណរគុណជូនចំពោះអាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី ក្នុងការជួយជំរុញ និងបង្ហាត់បង្រៀនកូនបន្ថែមនៅតាមផ្ទះ ការរៀន និងបង្រៀនពីចម្ងាយ តាមរយៈប្រព័ន្ធ Online ដែលទាំងនេះ ជាការលះបង់ដ៏ខ្លាំងក្លាបំផុត ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីធ្វើយ៉ាងណាឱ្យសិស្សានុសិស្សបានក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឬស្សី និងជាសសរទ្រូង ដ៏រឹងមាំសម្រាប់ប្រទេសជាតិ ។

សូមរំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ នៅខេត្តរតនគិរី មានមណ្ឌលប្រឡងចំនួន២ ក្នុងនោះមណ្ឌលប្រឡងបឋមសិក្សា ទេសអន្លុង ថ្នាក់វិទ្យាសាស្ត្រ មានចំនួន១១បន្ទប់ និងមណ្ឌលប្រឡងវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ ថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៤១បន្ទប់។

ជាលទ្ធផលបេក្ខជនមកប្រឡងចំនួន ១,២៤៨នាក់ ស្រី៥៨៩នាក់ អវត្តមាន៤៣នាក់ ក្នុងនោះស្រី១៦នាក់ បេក្ខជនប្រឡងជាប់ ៨៧២នាក់ ក្នុងនោះស្រី ៤២០នាក់ គិតជាភាគរយសរុប ៦៧.៥៤% ស្រី៦៩.៨៨% ក្នុងនោះជាប់និទ្ទេសA ចំនួន៩នាក់ ស្រី៣នាក់ និទ្ទេសB ៣៤នាក់ ស្រី២២នាក់ និទ្ទេសC ១០៣នាក់ ស្រី៥៧នាក់ និទ្ទេសD ៣២២នាក់ ស្រី១៤៨នាក់ និងនិទ្ទេសE ចំនួន៤០៤នាក់ ស្រី១៩១នាក់។ បេក្ខជនជាជនជាតិដើមភាគតិចប្រឡងជាប់ចំនួន៣៦៧ នាក់ក្នុងនោះស្រី១២០នាក់៕