(ភ្នំពេញ)៖ គណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្រីថ្លែងការណ៍មួយបង្ហាគការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ចំពោះទស្សនកិច្ចរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោក ទៅកាន់ប្រទេសជប៉ុន ពីថ្ងៃទី១៤ ដល់១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សេចក្រីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន គឺ គណបក្សឆន្ទៈខ្មែរ រីករាយអបអរកិច្ចសន្ទនារបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាមួយលោក យ៉ូហ៊ីម៉ សា ហាយ៉ាហ៊ី រដ្ឋមន្ត្រីការបរទេសជប៉ុន ដោយប្រទេសជប៉ុនបានប្រកាសគាំទ្រ និងចូលរួមចំពោះការបោះឆ្នោត នៅកម្ពុជាក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខ ដូចកាលពីការបោះឆ្នោតឆ្នាំ២០១៨ ជាបន្តទៀត។

គណបក្សឆន្ទៈខ្មែរ ក៏ចូលរួមអបអរ ការរំលឹកខួបនៃប្រតិបត្តិការរក្សាសន្តិភាព របស់ជប៉ុននៅកម្ពុជា ដែលជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ គណបក្សឆន្ទៈខ្មែរ រីករាយ ក៏គាំទ្រលទ្ធផលព្រមព្រៀងរវាងមេទ័ពជើងគោកកម្ពុជា-ជប៉ុន ដែលសន្យារួមគ្នាពង្រឹងទំនាក់ទំនងអោយ កាន់តែស្អិតរមួតបន្ថែមទៀត។

គណបក្សឆន្ទៈខ្មែរ ដែលមានលោក គង់ មុនីកា ជាប្រធាន ក្នុងចំណោមអ្នកនយោបាយវ័យក្មេងកម្ពុជា ធ្លាប់ទទួលការអញ្ជើញឲ្យបំពេញទស្សនកិច្ចស្វែងយល់ពីបទពិសោធន៍របស់គណបក្សនយោបាយជប៉ុន មានការកត់សម្គាល់ ជាពិសេសចំពោះទស្សនកិច្ចផ្លូវការលើកទី១ នៅក្រៅប្រទេស ពិសេសនៅប្រទេសជប៉ុនរបស់ បណ្ឌិត ហ៊ុន ម៉ាណែត ក្រោយគណបក្សប្រជាជនកម្ពុជាគាំទ្រជាអនាគតបេក្ខជននាយករដ្ឋមន្ត្រី។

គណបក្សឆន្ទៈខ្មែរ បានសម្តែងការរីករាយ និងគាំទ្រភាគីកម្ពុជា-ជប៉ុន ចំពោះគំនិតផ្តួចផ្តើមយុទ្ធសាស្ត តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហររបស់ជប៉ុន ដើម្បីសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ វិបុលភាពរួម នៅតំបន់ និង លើសកលលោក។

គណបក្សឆន្ទៈខ្មែរអះអាងថា ខ្លួនពិតជារីករាយ និងមានមោទនភាព ដែលកម្ពុជា មានមហាអំណាចពីរនៅអាស៊ី គឺចិន និងជប៉ុន ដែលបានបំពេញតួនាទី ជួយស្តារកសាងកម្ពុជាដោយសុទ្ធចិត្ត និងទៀងទាត់ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ និងការបោះឆ្នោតឆ្នាំ១៩៩៣៕