(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញទទួលជួបសំណេះសំណាល ជាមួយគណៈប្រតិភូម៉ាឡេស៊ី ដែលដឹកនាំដោយ លោក YB Dato' Sri Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី អមដំណើរដោយ លោក H.E Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា។

ជំនួបនេះធ្វើឡើងនៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាទីស្ដីការគណៈរដ្ឋមន្ដ្រី នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ត្រី និងមន្ត្រីដែលជាថ្នាក់ដឹកនាំឥស្លាមកម្ពុជាជាច្រើនរូបទៀតផងដែរ។

លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ តំណាងឲ្យសហគមន៍ឥស្លាមទាំងមូល បានសម្ដែងនូវសេចក្តីសោមនស្សសប្បាយរីករាយជាមួយជំនួបថ្ងៃនេះ។

ក្នុងឱកាសនោះ លោកក៏បានលើកនូវសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបានពីរាជរដ្ឋាភិបាលកម្ពុជាក្រោម ការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សហគមន៍ឥស្លាមទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅ និងសិទ្ធិប្រតិបត្តិសាសនា។ លើសពីនោះទៀតនោះ សហគមន៍ឥស្លាមកម្ពុជា ក៏មានឱកាសចូលរួមបម្រើការងារជួររាជរដ្ឋាភិបាល ជាច្រើនរូបផងដែរ។

លោកបានបន្តទៀតថា ដោយក្នុងឆ្នាំ២០១៥ រដ្ឋាភិបាលក៏បានផ្តល់ជូនសហគមន៍ឥស្លាមកម្ពុជា នូវគ្រូក្របខ័ណ្ឌរដ្ឋចំនួន ១៥០០នាក់ផងដែរ។ លើសពីនោះទៀតនោះ រដ្ឋាភិបាលកម្ពុជា ក៏បានផ្ដល់សិទ្ធិដល់សហគមន៍ឥស្លាមកម្ពុជា ក្នុងការរៀបចំ ស្ថាប័នហាឡាលកម្ពុជា ដែលមានការជ្រុំជ្រែងពីប្រទេស ម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀតផងដែរ។

លោក YB Dato' Sri Saifuddin Abdullah ក៏បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ ដែលថ្នាក់ដឹកនាំឥស្លាមកម្ពុជា បានផ្តល់ឪកាសសម្រាប់ជំនួបនេះ និងទទួលស្វាគមន៍គណៈប្រតិភូម៉ាឡេស៊ីដោយសេចក្ដីកក់ក្តៅជាទីបំផុត។

លោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់សិទ្ធិពេញលេញដល់សហគមន៍ឥស្លាមកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ និងសាសនា។ លោកបានបន្តថា សហគមន៍ឥស្លាមកម្ពុជា ជាសហគមន៍គំរូដល់សហគមន៍ឥស្លាមជនជាតិភាគតិច រាល់បណ្តាប្រទេសនៅលើភពលោក ព្រោះសហគមន៍ឥស្លាមកម្ពុជា មានទំនាក់ទំនងល្អជាមួយរាជរដ្ឋាភិបាល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបម្រើការងារជូនជាតិមាតុភូមិ។

គួរជម្រាបផងដែរថា ជំនួបនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចប្រជុំអាស៊ានរដ្ឋមន្ត្រីការបរទេសនៅកម្ពុជា របស់លោក YB Dato' Sri Sainuddin Abdullah ដោយក្នុងឱកាសនោះ លោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក៏បានស្នើសុំឲ្យមានការជួបជុំសំណេះសំណាលជាមួយមន្ត្រីថ្នាក់ដឹកនាំខ្មែរឥស្លាម ក្នុងគោលបំណងដើម្បីកង្កើនមិត្តភាព ទំនាក់ទំនង និងសាមគ្គីភាពរវាងសហគមន៍ឥស្លាមកម្ពុជា-ម៉ាឡេសុី ឲ្យកាន់តែល្អប្រសើរឡើងផងដែរ៕