(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឧបត្ថម្ភជែលលាងដៃ ចំនួន១០០កេស ដល់អធិការដ្ឋាននគរបាលខណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ រដ្ឋបាលសង្កាត់ទាំង៧ ផ្សារច្រាំងចំរេះ ផ្សារគីឡូម៉ែតលេខ៦ និងផ្សារធំទួលសង្កែ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជម្ងឺកូវីដ១៩ នៃមេរោគបម្លែងថ្មី ប្រភេទ អូមីក្រុង។

លោក ឯក ឃុនដឿន នៅតែបន្តជុំរុញដល់អាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ ដើម្បីកាត់បន្ថយការចម្លងជំងឺកូវីដ-១៩ ទៅកាន់គ្រួសារ និងអ្នកដទៃ ចាំបាច់ទាមទារឱ្យមានការចូលរួមគ្នារក្សាអនាម័យ តាមរយៈការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ក្នុងការឈានទៅកាត់ផ្ដាច់ការចម្លងជំងឺរាលដាលជាលក្ខណៈទ្រង់ទ្រាយធំ ដែលសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា សម្រាប់ជែលលាងដៃចំនួន១០០កេស ដែលអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ នាំយកមកឧបត្ថម្ភ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជម្ងឺកូវីដ១៩ នៃមេរោគបម្លែងថ្មី ប្រភេទ អូមីក្រុងនាពេលនេះ រួមមាន៖ អធិការដ្ឋាននគរបាលខណ្ឌ៥កេស, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ៥កេស, រដ្ឋបាលសង្កាត់ស្វាយប៉ាក១០កេស, សង្កាត់ច្រាំងចំរេះទី១, ១០កេស, សង្កាត់ច្រាំងចំរេះទី២, ១០កេស, សង្កាត់គីឡូម៉ែត្រលេខ៦, ១០កេស, សង្កាត់ប្ញស្សីកែវ១០កេស, សង្កាត់ទួលសង្កែទី១, ១៥កេស, សង្កាត់ទួលសង្កែទី២ ចំនួន១០កេស, ផ្សារច្រាំងចំរេះ៥កេស, ផ្សារគីឡូម៉ែតលេខ៦, ៥កេស និងផ្សារធំទួលសង្កែ៥កេស៕