(ព្រះសីហនុ)៖ កម្លាំងនគរបាលនៅខេត្តព្រះសីហនុ បានសហការបន្តការល្បាតចល័តលើផ្លូវជាតិលេខ៤ រឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកត្រួតពិនិត្យល្បឿនជាតិស្រវឹង ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គ្រឿងញៀន និងអ្នកបើកបរបញ្ច្រាស់ទិសចរាចរណ៍។

ប្រតិបត្តិការនេះធ្វើឡើងនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ដឹកនាំដោយឧត្តមសេនីយ៍ត្រី អ៉ី សុខា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលផែនសណ្តាប់ធ្នាប់ ដោយបានដឹកនាំកម្លាំងការិយាល័យជំនាញចរាចរណ៍ផ្លូវគោក និងប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចេញល្បាតចល័តលើផ្លូវជាតិលេខ៤។

គោលបំណងនៃប្រតិបត្តិការនេះ គឺដើម្បីរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកត្រួតពិនិត្យល្បឿនជាតិស្រវឹង ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គ្រឿងញៀន និងអ្នកបើកបរបញ្ច្រាស់ទិសចរាចរណ៍ ដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងជាយថាហេតុលើផ្លូវជាតិលេខ៤ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កើតឡើង ការពារអាយុជីវិត និងសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចចម្រុះខាងលើនេះបានត្រួតពិនិត្យអ្នកបើកបររថយន្តធុនធ្ងន់ចំនួន៤៧គ្រឿង ពុំមានបទល្មើសចរាចរណ៍ និងបានត្រួតពិនិត្យជាតិស្រវឹងអ្នកបើកបររថយន្តចំនួន៤៧នាក់ លទ្ធផលអវិជ្ជមាន។

ក្រៅពីនេះ កម្លាំងសមត្ថកិច្ចក៏បានត្រួតពិនិត្យសារធាតុញៀនអ្នកបើកបររថយន្តធុនធ្ងន់ចំនួន៤៧នាក់ លទ្ធផលវិជ្ជមាន២នាក់ កម្រិតស្រាល មូលហេតុខានប្រើប្រាស់រយៈពេលជាង៣ខែ កម្លាំងការិយាល័យជំនាញបានឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់គ្រឿងញៀនបន្តទៀត និងប្រគល់ឱ្យម្ចាស់រថយន្តអប់រំណែនាំបន្ត រួចឱ្យត្រឡប់ទៅវិញ៕