(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានដាក់ចេញការណែនាំថ្មីៗមួយចំនួនដល់រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ ដើម្បីគ្រប់គ្រងអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ខារ៉ាអូខេ ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន) ប្រកបដោយប្រសិទ្ធភាព និងចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ប្រភេទបំប្លែងថ្មីអូមីក្រុងផងដែរ។

ការដាក់ចេញការណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ក្រោយបើកដំណើរការអាជីវកម្មឡើងវិញ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ ដោយមានការចូលរួមពីលោកប្រធានមន្ទីរទេសចរណ៍ និងអភិបាលរងរាជធានី-ខេត្ត ជាមួយនឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍។

គួរជម្រាបថា នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យបើកដំណើរការឡើងវិញ។ ក្រោយទទួលបានការអនុញ្ញាតនេះហើយ អាជីវកម្មខារ៉ាអូខេ អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក អាជីវកម្មបៀរហ្កាឌិន សរុបចំនួន៨៤៥ទីតាំងបានបើកដំណើរការឡើងវិញ នេះបើគិតមកដល់ខែមករា ឆ្នាំ២០២២។

ដើម្បីឱ្យការគ្រប់គ្រងអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យមានប្រសិទ្ធភាព និងចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ប្រភេទបម្លែងថ្មីអូមីក្រុង លោក ទិត ចន្ថា បានដាក់ចេញនូវអនុសាសន៍ណែនាំមួយចំនួន ដូចខាងក្រោម៖

១៖ ស្នើសុំឱ្យរដ្ឋបាលរាជធានី-ខេត្តដែលមានភារកិច្ចទទួលខុសត្រូវ និងមន្ទីរទេសចរណ៍អនុវត្តឱ្យបានហ្មត់ចត់ ដោយបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី និងជំរុញអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញឱ្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍។

២៖ មន្ទីរទេសចរណ៍ត្រូវពិនិត្យ និងណែនាំចំពោះទីតាំងអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្តទាំងឡាយណាដែលមានលក្ខណៈតូចចង្អៀត និងមិនអាចអនុវត្តបានតាមវិធានសុវត្ថិភាព គួរណែនាំឱ្យមានការរៀបចំទីតាំងអាជីវកម្មឱ្យបានត្រឹមត្រូវ។

៣៖ មន្ទីរទេសចរណ៍ត្រូវរៀបចំរបាយការណ៍ក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានទៀងទាត់ជូនទៅគណៈកម្មការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត ក្រសួងទេសចរណ៍ និងនាយកដ្ឋានជំនាញពាក់ព័ន្ធ។

៤៖ មន្ទីរទេសចរណ៍ត្រូវរៀបចំនូវលក្ខខណ្ឌវិធានសុវត្ថិភាពទេសចរណ៍ត្រឹមកម្រិតដែលអាជីវកម្មខ្នាតតូចអាចអនុវត្តបាន ស្របទៅនឹងស្ថានភាពអាជីវកម្មជាក់ស្តែង ប៉ុន្តែតម្រូវឱ្យមានលក្ខខណ្ឌចាំបាច់មួយចំនួន ដូចជា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពាក់ម៉ាស់ វ៉ាស់កម្ដៅ បាញ់អាល់កុល ការរក្សាគម្លាតសុវត្ថិភាព អនាម័យ។ល។

៥៖ នាយកដ្ឋានជំនាញគ្រប់គ្រងសេវាកម្សាន្ត និងកីឡាទេសចរណ៍ ត្រូវពិនិត្យ និងតាមដានការអនុវត្តរបស់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ដូចជា៖

* ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យបានគ្រប់គ្នា និងគ្រប់ដូសតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ និងលាងសម្អាតដៃជាប្រចាំ និងត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងចុះឈ្មោះក្នុងប្រព័ន្ធ QR CODE និងត្រូវវាស់កម្តៅ បាញ់អាល់កុល និងការកំណត់ចំនួនភ្ញៀវឱ្យសមាមាត្រទៅនឹងទំហំទីតាំងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន មិនឱ្យលើសចំនួនផ្ទុកជាអតិបរមានៅតាមទីតាំងអាជីវកម្មនីមួយៗ ដោយរក្សាគម្លាតសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

* ត្រូវណែនាំដល់ម្ចាស់អាជីវកម្មឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក (Carrying Capacity) តាមរយៈគេហទំព័រ www.camccms.org

៦៖ ប្រសិនបើមូលដ្ឋានអាជីវកម្មណាមួយមិនបានអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីទេ រដ្ឋបាលរាជធានី-ខេត្តត្រូវចាត់វិធានការផ្អាកដំណើរការអាជីវកម្មជាបណ្តោះអាសន្ន ដើម្បីធ្វើការកែលម្អ៕