(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលជាប្រេសិតពិសេសប្រធានអាស៊ាន បានបំពាក់មេដាយ សហមេត្រីថ្នាក់មហាសេនា ជូនលោក អាំផៃ គីនដាវង់ (Amphay KINDAVONG) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ដែលបានចប់អាណត្តិ ក្រោយបំពេញការងារបានល្អជាមួយកម្ពុជា។

ពិធីបំពាក់មេដាយសហមេត្រីថ្នាក់មហាសេនានេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន។

សូមបញ្ជាក់ដែរថា កាលពីចុងឆ្នាំ២០២១ កន្លងទៅនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី បានអនុញ្ញាតឲ្យលោក អាំផៃ គីនដាវង់ (Amphay KINDAVONG) ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ប្រកបដោយជោគជ័យ និងបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីផលប្រយោជន៍ សម្រាប់ប្រជាជនកម្ពុជា និងឡាវ។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោក អាំផៃ គីនដាវង់ត ប្រទេសទាំងពីរបានរៀបចំការ ផ្លាស់ប្តូរ ទស្សនកិច្ច កម្រិតខ្ពស់នៃប្រទេសទាំងពីរ និងទទួលបានសមិទ្ធផលប្រកបដោយផ្លែផ្កាផងដែរ៕