(ព្រះវិហារ)៖ មន្ត្រីនគរបាលស្រុកត្បែងមានជ័យ និងស្រុកជ័យសែន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារជាច្រើនរូប ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរស្រុកទាំង២ លោកស្នងការរង នាយ នាយរង កងកម្លាំងទាំងបីនិងមន្ត្រីពាក់ព័ន្ធជុំវិញ ស្រុកទាំង២ជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានថ្លែងចូលរួមអបអរសារទរ ចំពោះមន្ត្រីនគរបាលជាតិ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលត្រូវបានថ្នាក់ដឹកនាំ ប្រគល់ភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិជូននាពេលនេះ។

លោកផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចជាកាលតែងគិតគូរជានិច្ច ពីសុខទុក្ខ និងការរស់នៅរបស់មន្ត្រីនគរបាលជាតិរបស់យើង។

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានថ្លែងណែនាំដល់មន្ត្រីនគរបាលក្នុងខេត្តព្រះវិហារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់គោរព និងអនុវត្តបទបញ្ជារាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ក៏ដូចជាគណៈបញ្ជាការ ឯកភាពខេត្ត ឲ្យបានម៉ឺងម៉ាត់ ពិសេសត្រូវខិតខំការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ដោយមិនត្រូវឲ្យបុគ្គលឫក្រុមណាមួយមកធ្វើបដិវត្តពណ៍ជាដាច់ខាត។

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ក៏បានថ្លែងជំរុញដ៏មន្ត្រីនគរបាលដែលទទួលបានការតែងតាំង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្កិជូននៅពេលនេះ ត្រូវខិតខំបំពេញតួនាទីភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ ពិសេត្រូវបន្ត រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ត្រូវខិតខំការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ បង្រ្កាបឲ្យបានបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង ក៏ដូចជាអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធិភាពខ្ពស់ និងត្រូវបន្តអនុវត្តវិធានការក្រសួងសុខាភិបាល និងវិធានការ រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារគ្រួសារ និងសហគមន៍យើងពីជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា មន្ត្រីនគរបាលជាតិដែលត្រូវបានតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចនៅពេលនេះ លោកវរសេន៍យ៍ទោ ស៊ុ លំទោន អត្តលេខ៤៩០៧៧ ពីអធិការរងស្រុកត្បែងមានជ័យ ជាអធិការនគរបាលស្រុកត្បែងមានជ័យ ដោយឡែកលោកវរសេនីយ៍ឯក រិទ្ធ សូណា អត្តលេខ៧១៣៧០ ពីអធិការនគរបាលស្រុកត្បែងមានជ័យ ជាអធិការនគបាលស្រុកជ័យសែនវិញ លោកវរសេន៍យ៍ឯក តៀម សង្គ្រៀម អត្តលេខ០៤៦៧៧ ពីអធិការនគរបាល ស្រុកជ័យសែន ជានាយការរិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លោកវរសេនីយ៍ឯក ខាត់ ហ៊ុន អត្តលេខ០៩៤៨៩ ពីនាយការរិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ជាស្នងការរង នៃស្នងការនគរបាលខេត្តព្រះវិហារវិញ៕