(កំពង់ធំ)៖ លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២២នេះ បានអញ្ជើញ ជាអធិបតី ក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារ និងបទពិសោធន៍គម្រោង «ការពង្រីកសមត្ថភាពត្រៀមបង្ការ និងឆ្លើយតបផ្នែកអនាម័យ ទឹកស្អាតក្នុងគ្រាអាសន្ន» រយៈពេល០៥ឆ្នាំ ឆ្នាំ២០១៧-២០២១ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។

សិក្ខាសាលានេះដែរក៏មានការចូលរួមពីអនុសាខាកាកបាទក្រហមកម្ពុជា ទាំង៤ខេត្ត ( ខេត្តព្រៃវែង កំពត កំពង់ធំ និងព្រះវិហារ) ដើម្បីចូលរួមបូកសរុបលទ្ធផលការងារ និងបទពិសោធន៍គម្រោង «ការពង្រឹងសមត្ថភាពត្រៀមបង្ការ និងឆ្លើយតបផ្នែកអនាម័យ ទឹកស្អាត ក្នុងគ្រាអាសន្ន» ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ធ្វើជាម្ចាស់ផ្ទះរៀបចំ ក្រោមការសម្របសម្រួលពីមន្ត្រីការិយាល័យជំងឺឆ្លង និងមិនឆ្លង នាយកដ្ឋាន សុខភាពកាកបាទក្រហមកម្ពុជា។

លោកស្រី លំ គន្ធារី បានឱ្យដឹងថា សិក្ខាសាលានេះធ្វើឡើងក្នុងទិសដៅ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ការងារអនាម័យទឹកស្អាត ក៏ដូចជាការពង្រឹងសមត្ថភាព និងលើកកម្ពស់បន្ថែមការងារអនាម័យ ទឹកស្អាត ដែលសាខាកាកបាទក្រហមកម្ពុជាទាំង៤ខេត្ត ដែលបាននឹងកំពុងអនុវត្តក្នុងរយៈកាល៥ឆ្នាំ គឺពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ កន្លងមកតាមរយៈការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ដើម្បីការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តបន្តទទួល បាន លទ្ធផលល្អស្របតាមសូចនាករ។

លោកស្រី ក៏បានបញ្ជាក់ថា បន្ទាប់ពីបានទទួលគម្រោង «ការពង្រឹងសមត្ថភាព ត្រៀមបង្ការ និងឆ្លើយតបផ្នែកអនាម័យ ទឹកស្អាតក្នុងគ្រាអាសន្ន» ពីថ្នាក់ជាតិមក សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានយកស្រុកចំនួន៤ ជាអាទិភាពក្នុងការអនុវត្តគម្រោង មានស្រុកកំពង់ស្វាយ ស្រុកស្ទោង ស្រុកសន្ទុក និងស្រុកបារាយណ៍ គ្របដណ្តប់លើ២៣ឃុំ ដែលមានភូមិចំនួន១៣៨ភូមិ។

ក្នុងរយៈកាល៥ឆ្នាំនៃការអនុវត្តគម្រោង ក្រៅពីការបណ្តុះបណ្តាល បំពាក់បំប៉ន ក្រុមការងារបង្គោល មន្ត្រីរបស់សាខាបានបញ្ជ្រាបលើកកម្ពស់ការយល់ដឹង តាមរយៈការ ជួបជុំចែកអំណោយមនុស្សធម៌ ការរៀបចំកម្មវិធីផ្សេងៗ ការចុះអប់រំផ្សព្វផ្សាយខ្នងផ្ទះ។ សរុបប្រជាពលរដ្ឋដែលបានចូលរួមការលើកកម្ពស់យល់ដឹងពីគម្រោងការ ពង្រឹងសមត្ថភាពត្រៀមបង្ការ និងឆ្លើយតបផ្នែកអនាម័យទឹកស្អាត ក្នុងគ្រាអាសន្នចំនួន ១០,៤៦១នាក់ ( ស្រី ៧,៧៦២នាក់)។

លោកស្រី លំ គន្ធារី ក៏បានបង្កើតផែនការអនុវត្តឆ្នាំ២០២២ និងឆ្នាំជាបន្តបន្ទាប់ ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានត្រៀមលក្ខណៈទៅលើទីតាំង ដែលជាគោលដៅចំនួន៥ គឺ ក្រុងស្ទឹងសែន ស្រុកតាំងគោក ស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ និងស្រុកប្រាសាទបល្ល័ង្កផងដែរ៕