(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ឋនិងហិរញ្ញវត្ថុ ក្នុងនាមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាល ធនាគារកណ្តាលក្រុមប្រទេស G20 នៅ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះ បានបើកជាផ្លូវការ ក្រោមអធិបភាពលោកប្រធានាធិបតីឥណ្ឌូនេស៊ី ដោយមានការចូលរួមពី សំណាក់ បណ្តា រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃប្រទេស G20 និងស្ថាប័នហិរញ្ញវត្ថ អន្តរ ធំៗ ដូចជា WB IMF ADB AIIB ព្រមទាំងស្ថាប័នពាក់ព័ន្ធរបស់ UN ដូចជា WHO WTO ជាដើម។

ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ កម្ពុជាត្រូវបានអញ្ជើញចូលរួមជាតំណាងអាស៊ានក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល G20 ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធដទៃទៀតក្រោមការធ្វើជាប្រធានរបស់ប្រទេសឥណ្ឌូនេស៊ី។
ប្រទេសឥណ្ឌូនេស៊ី បានកំណត់មូលបទស្តីពី «ការស្តារឡើងវិញទាំងអស់គ្នា, ការស្តារឡើងវិញរឹងមាំជាងមុន (Recover Together, Recover Stronger)» ដោយផ្តោតលើសសរស្តម្ភចំនួន ៣ គឺនិម្មាបនកម្មសុខភាពសកល, ការធ្វើអន្តរកាលថាមពល ប្រកបដោយចីរភាព និងការធ្វើបរិវត្តកម្មឌីជីថល។

សម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ប្រទេសឥណ្ឌូនេស៊ី ផ្តោតលើការងារអាទិភាពចំនួន ៦ រួមមាន៖
(១)៖ យុទ្ធសាស្រ្តចាកចេញពីវិបត្តិជំងឺកូវីដ-១៩ និងជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ច
(២)៖ ការដោះស្រាយផលប៉ះពាល់ពីស្លាកស្នាមបន្សល់ពីជំងឺកូវីដ-១៩ ដើម្បីធានាបាននូវកំណើននាពេលអនាគត
(៣)៖ ប្រព័ន្ធទូទាត់ឌីជីថល
(៤)៖ ហិរញ្ញវត្ថុប្រកបដោយចីរភាព,
(៥)៖ បរិយាប័ន្នហិរញ្ញវត្ថុ
និង (៦)៖ ពន្ធអន្តរជាតិ។

ក្នុងកិច្ចប្រជុំនេះ បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃប្រទេស G20,តំណាងអង្គការអន្តរជាតិ ក៏ដូចជាប្រទេស ជាភ្ញៀវកិត្តិយសដទៃ បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈលើស្ថានភាពសេដ្ឋកិច្ច និងសុខភាពសកល ដោយផ្តោតសំខាន់លើការ ឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការគំរាមកំហែងដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន រួមមានការបន្តរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគអូមីក្រុង, ការកើនឡើងនៃអតិផរណា, បំណុល និងវិសមភាពនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

កិច្ចប្រជុំ បានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការរៀបចំយុទ្ធសាស្រ្តចាកចេញពីវិបត្តិប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ដោយផ្តោតលើការពង្រឹងកិច្ចសហការរវាងវិស័យសុខាភិបាល និងហិរញ្ញវត្ថុ, ការដោះស្រាយតម្រូវការហិរញ្ញប្បទាន តាមរយៈការបង្កើតយន្តការហិរញ្ញប្បទានថ្មីៗ, ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងទីផ្សារការងារ, បំណុលសាធារណៈ, វិសមភាពសង្គម, និងការជំរុញផលិតភាព ស្របតាមឌីជីថលូបនីយកម្ម។

បន្ថែមពីនេះ កិច្ចប្រជុំមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល G20 លើកទី១នេះ ក៏បានលើកយកបញ្ហាមួយចំនួនទៀត មកពិភាក្សា ក្នុងគោលដៅជំរុញការស្តារឡើងវិញនៃសង្គម-សេដ្ឋកិច្ចសកល រួមមាន៖

(១)៖ ការពង្រឹងនិម្មាបនកម្មហិរញ្ញវត្ថុអន្តរជាតិ ដោយផ្តោតលើការពង្រឹងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុសកល និងការធ្វើឲ្យប្រសើរឡើងនូវយន្តការផ្តល់ហិរញ្ញប្បទានក្រោមក្របខណ្ឌមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍, (២)៖ ការបង្កើនវិនិយោគប្រកបដោយចីរភាពសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល
(៣)៖ បរិយាប័ន្នហិរញ្ញវត្ថុ និងឌីជីថលូបនីយកម្ម ជាពិសេសសម្រាប់មីក្រូសហគ្រាស, សហគ្រាសធុនតូច និងមធ្យម (MSMEs),
(៤)៖ ការជំរុញហិរញ្ញប្បទាន និងការវិនិយោគ ដែលគាំទ្រដល់ការធ្វើអន្តរកាលឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព
និង(៥)៖ ការពង្រឹងគោលនយោបាយពន្ធអន្តរជាតិ ដើម្បីធ្វើយ៉ាងណាគាំទ្រដល់ការកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ, ការកើនឡើងនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដូចជា Crypto-assets និងការជំរុញសមភាព យេនឌ័រក្នុងចរន្តសេដ្ឋកិច្ច។

ក្នុងកិច្ចពិភាក្សានេះ កម្ពុជាបានគូសបញ្ជាក់ជូនអង្គប្រជុំអំពីមូលបទរួមអាស៊ាន ឆ្នាំ២០២២ ស្តីពី «អាស៊ានរួមគ្នា ធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T.: Addressing Challenges Together)» និងការកំណត់នូវអាទិភាពចំនួន ៣ សម្រាប់កិច្ចប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន រួមមាន៖ (១).ការស្តារឡើងវិញ (Recovery), (២).ការកសាងភាពធន់ (Resiliency) និង (៣). ការរួបរួមគ្នា (Togetherness) ក្រោមការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ដែលមូលបទ និងអាទិភាពនេះ មានគោលដៅលើកកម្ពស់ស្មារតី “រួមគ្នា” របស់អាស៊ាន ជាសហគមន៍តែមួយ និងឆន្ទៈរួម ក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចតំបន់ និងពិភពលោក និងធានាបាននូវការ អភិវឌ្ឍតំបន់ប្រកបដោយចីរភាព និងភាពធន់ នៅក្រោយវិបត្តិជំងឺកូវីដ-១៩។

បន្ថែមពីនេះ លោក វង្សី វិស្សុត ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ប្រកបដោយស្មារតីសាមគ្គីភាពគ្នាខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ-១៩ កន្លងមក តាមរយៈការដាក់ចេញនូវវិធានការទប់ស្កាត់ការឆ្លងរាលដាល, ការពន្លឿងការ ចាក់វ៉ាក់សាំង និងការគ្រប់គ្រងផលប៉ះពាល់មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចតំបន់ទាំងមូល ដែលនាំឲ្យសេដ្ឋកិច្ច អាស៊ានមានការកើនឡើងប្រមាណ ៥,២ ភាគរយ ក្នុងឆ្នាំ២០២១។ ភាពជោគជ័យរបស់អាស៊ាននេះ គឺជាការចូលរួមដ៏សំខាន់ ក្នុងការរក្សានូវស្ថិរភាពសេដ្ឋកិច្ចពិភពលោក។

លោកបានលើកឡើងអំពីការប្តេជ្ញារបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្នុងការបន្តលើកកម្ពស់យន្តការអាស៊ាន ក្នុងកិច្ចសហការជិតស្និទ្ធជាមួយបណ្ដាប្រទេសជាដៃគូ ដែលផ្តោតសំខាន់លើការពង្រឹងសកម្មភាពរួមគ្នាជាក់ស្តែង ដើម្បីដោះស្រាយ ប្រកបដោយប្រសិទ្ធភាពនូវរាល់បញ្ហាប្រឈមនានា ក្នុងគោលដៅឆ្ពោះទៅរកការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចតំបន់ និងពិភពលោក ប្រកបដោយភាពរឹងមាំខ្លាំងខ្លាជាងមុន៕