(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ផ្ទះដែលជាអំណោយដ៏មហាសប្បុរសរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះលោកយាយ ដួង ដារា និងលោកយាយ ណុប ណែម ដែលជាទុរគតជនរស់នៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង បានថ្លែង «ថ្ងៃនេះ ខ្ញុំពិតជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ជាទីបំផុត ក្នុងនាមជាតំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីប្រគល់ផ្ទះ ជាអំណោយដ៏មហាសប្បុរសរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកយាយ ដួង ដារា លោកយាយ ណុប ណែម ដែលជាទុរគតជន រស់នៅជាមួយបងប្អូនប្រជាពលរដ្ឋ ហើយត្រូវម្ចាស់ផ្ទះរាប់អានចាត់ទុកជាជីដូនបង្កើត»

លោកអភិបាលខេត្តបានបន្តថា ដោយទឹកចិត្ត និងបេះដូងដ៏មហាសប្បុរសរបស់សម្ដេចទាំងទ្វេរ លោកបានសាងសង់ផ្ទះថ្ម ប្រក់ហ្វីប្រូសុីម៉ងត៍ ដែលមានទំហំ ៥×១០ម៉ែត្រ មានបន្ទប់សម្រាក ផ្ទះបាយ និងសំយ៉ាបផ្ទះ សម្រាប់លោកយាយអង្គុយលេងទៀតផង។

ជំនួសមុខឱ្យលោកយាយ ដួង តារា លោកយាយ ណុប ណែម ខ្ញុំបាទសូមគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូណ៍កាយពលមាំមួន កំលាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឱ្យមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យជាបន្តទៅទៀត៕