(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងក្រុមការងារបានបន្តចុះដល់មូលដ្ឋាន ដេីម្បីពិនិត្យការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងខេត្តស្វាយរៀង។

ក្នុងនោះលោកស្រី ឱ វណ្ណឌីន ក៏បានជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលរបស់មន្ទីរសុខាភិបាលខេត្ត និងក្រុមការងារចាក់វ៉ាក់សាំង ព្រមទាំងបុគ្គលិកសុខាភិបាលនៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមានការចូលរួមសម្របសម្រួលពីសំណាក់ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង, អភិបាលរងខេត្ត, លោកប្រធាន អនុប្រធាន មន្ត្រី បុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង។

ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មដ៏មមាញឹកនេះ លោកស្រី ឱ វណ្ណឌីន ក៏បានបន្ដស្នេីរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត ធ្វេីការជំរុញការងារចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ឲ្យមានសន្ទុះកេីនលឿនបានទាន់ពេលវេលាដើម្បីទប់ស្កាត់ភាពធ្ងន់ធ្ងរ និងការស្លាប់បណ្តាលមកពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសប្រភេទវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង។

បន្ថែមពីនេះ លោកស្រីប្រធានគណៈកម្មការចំពោះកិច្ច បានជំរុញឲ្យជួបពិភាក្សា និងលេីកជាអនុសាសន៍គន្លឹះ សម្រាប់ជំរុញការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជូនអភិបាលខេត្តស្វាយរៀង ដេីម្បីសហការជាចាំបាច់ធ្វេីឲ្យមានកំណេីនចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលដល់វេនចាក់ឲ្យបានលឿននៅតាមភូមិ-ឃុំ ឬតាមសាលារៀន រោងចក្រ សហគ្រាស ជាដេីម ដោយធ្វេីសម្រង់ស្ថិតិអ្នកដែលដល់វេនចាក់ផងដែរ។

លើសពីនេះ ត្រូវពិនិត្យការងារគ្រប់គ្រងថវិការ ដែលគ.វ.ក-១៩ បានឧបត្ថម្ភជូនមកមន្ទីរសុខាភិបាលខេត្ត ដើម្បីបើកជូនក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងខេត្តស្វាយរៀង៕