(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ និងកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀប បានដាក់គោលដៅត្រួតពិនិត្យ បទល្មើសច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានឈានដល់ការឃាត់ខ្លួន ជនត្រូវសង្ស័យ ជួញដូរនូវសារធាតុញៀនម្នាក់ បន្ទាប់ពីឆែកឆេរ បានរកឃើញថ្នាំញៀនជាប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ធំ ដែលអាចច្រកជាកញ្ចប់តូចៗ បានចំនួន៣០កញ្ចប់ ដែលជនត្រូវសង្ស័យ បានរក្សាទុក នៅនិងខ្លួន រួមទាំងដកហូតម៉ូតូ១គ្រឿងផងដែរ ។
ក្នុងប្រតិបត្តិការរបស់សមត្ថកិច្ចខាងលើនេះ ត្រូវបានធ្វើឡើងនៅវេលាម៉ោង១២យប់ជាងឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ នៅត្រង់ចំណុច តាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ មន្ត្រីនគរបាលខណ្ឌជ្រោយចង្វារបានបញ្ជាក់ថា កម្លាំងខណ្ឌ រួមទាំងកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀប បានទទួលបទបញ្ជាពីលោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារ ដើម្បីដាក់គោលដៅត្រួតពិនិត្យបទល្មើសច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ខណៈនោះជនត្រូវសង្ស័យបានជិះបើកម៉ូតូ១គ្រឿង ឆ្លងកាត់គោលដៅរបស់សមត្ថកិច្ចមូលដ្ឋាន ដោយមានការសង្ស័យក៏ឃាត់ ព្រមទាំងឆែកឆេរបានរកឃើញថ្នាំញៀន១កញ្ចប់ធំ ដែលជនសង្ស័យបានរក្សាទុកនៅ និងខ្លួនដើម្បីធ្វើសកម្មភាពប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន។ ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតមធ្យោបាយធ្វើដំណើររបស់ជនសង្ស័យ មានម៉ូតូសង់ឌ្រីមC១២៥មួយគ្រឿងផងដែរ ។ មន្ត្រីនគរបាលខណ្ឌជ្រោយចង្វារបានបន្តថា បច្ចុប្បន្ន ជនត្រូវជាប់សង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅឃុំខ្លួនសាកសួរបន្ថែម នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីរៀបចំកសាងសំនុំរឿងបញ្ជូនខ្លួនទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់ ៕