(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋចំនួន១៦គ្រួសារ ដែលជួបគ្រោះធម្មជាតិខ្យល់កន្ត្រាក់ រហូតរលំផ្ទះ របើកដំបូលចំនួន១១ខ្នង និងរបួសម្នាក់ នៅសង្កាត់ផ្ទះព្រៃ សង្កាត់បន្ទាយដី២ខ្នងផ្ទះ សង្កាត់ព្រៃញី២ខ្នង និងសង្កាត់រលាប១ខ្នង កាលពីល្ងាចម្សិលមិញនោះ ត្រូវបានលោក ម៉ៅ ធនិន ប្រធានកិត្តិយស និងលោក ខូយ រីដា ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ព្រមទាំងសមាជិក សមាជិកា បាននាំយកអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ទៅផ្តល់ជូនដល់លំនៅដ្ឋាននាថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៦នេះ។
លោក ម៉ៅ ធនិន បានថ្លែងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីអាជ្ញាធរ សង្កាត់-ក្រុង អំពីករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ រលំផ្ទះ និងរបើកដំបូលរួចមក លោកបានណែនាំដល់លោក ខូយ រីដា និងក្រុមការងាររៀបចំ ជាអំណោយមកសង្គ្រោះជាបន្ទាន់។
លោកបានបន្តថា នេះជាភារកិច្ចរបស់អាជ្ញាធរដែនដី ពិសេសក្នុងនាមជាកាកបាទក្រហម ដែលជាអង្គភាពមនុស្សធម៌ តែងមានភារកិច្ច ចុះជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ លោកបានបន្តទៀតថា ទោះបីអំណោយទាំងនេះ តិចតួចក្តី តែវាជួយសម្រាលបន្ទុក និងដោះស្រាយជីវភាពប្រចាំថ្ងៃ បានមួយគ្រាៗដែរ ដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែណែនាំដល់អាជ្ញាធរមូលដ្ឋាន ឲ្យយកចិត្តទុកដាក់ ចុះជាប់ជាមួយប្រជាជនស្គាល់សុខទុក្ខប្រជាជន ជាពិសេសជាមួយប្រជាជនងាយរងគ្រោះ ហើយមិនត្រូវឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដោយមិនបានដឹង និង មិនមានការដោះស្រាយនោះទេ។
អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនទាំង១៦គ្រួសារ ដែលជួបបញ្ហាដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះ និង របើកដំបូលស័ង្កសី ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, មី១កេស, តង់ខៀវ ១, កន្ទេល ១, ភួយ ១, មុង ១, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ និង ថវិកា៥ម៉ឺនរៀល ។ បន្ថែមពីនោះទៀតលោក ម៉ៅ ធនិន បានឧបត្ថម្ភថវិកា៥០ម៉ឺនរៀល ដល់ប្រជាការពារ និងអ្នកភូមិចូលរួមសហការគ្នារៀបចំ និងលើកផ្ទះឡើងវិញ ដោយឲ្យក្រុមការងារចុះជួយសង្កាត់ជួយចេញស័ង្កសី។
ក្នុងថ្ងៃដដែលនោះលោក ម៉ៅ ធនិន បានបន្តដឹកនាំមន្ទីរជំនាញ ចុះធ្វើការសម្របសម្រួល និងដោះស្រាយសំណូមពរប្រជាពលរដ្ឋប្រមាណ ១៥៧នាក់ ដែលផ្ទុះការតវ៉ាទាមទារឲ្យ ក្រុមហ៊ុន ភាពីមិច បើកប្រាក់ខែជូនដល់ពួកគាត់ ដែលក្រុមហ៊ុនបានជំពាក់ជាង៤ខែ កន្លងមកហើយ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិក្បាលដំរី ភូមិអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជាលទ្ធផលការដ្ឋានទី២៨ ទី២ និងទី១ ត្រូវបើកលុយក្នុងថ្ងៃនេះ និងការដ្ឋានបន្តទៀត ត្រូវបើកឲ្យបានឆាប់រហ័ស តាមបញ្ជាផ្ទាល់ពី លោក ម៉ៅ ធនិន។ ក្នុងឱកាសនោះ ក្រុមការងារចុះជួយស្រុកក្រគរដែលមាន លោក កែវ រតនៈ និងលោក អេង គន្ធា បានឧបត្ថម្ភអង្ករចំនួន ៦តោន ជូនដល់ប្រជាពលរដ្ឋប្រមាណ ១៥៧នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ២០គីឡូក្រាមផងដែរ៕