(កំពង់ធំ)៖ លោក អ៊ឹម ប៊ុនថាន ប្រធានការិយាល័យក្សេតសាស្ត្រ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវកសិករទាំងអស់ ងាកមកប្រើប្រាស់ម៉ាស៊ីនព្រួសស្រូវ ជាជួរគឺសន្សំសំចៃកម្លាំង និងគ្រាប់ពូជស្រូវ ។

លោកបានថ្លែង ក្នុងកម្មវិធីទិវាស្រែបង្ហាញព្រួសស្រូវ ជាជួរដល់សហគមន៍សាមគ្គីមានជ័យ ស្ថិតនៅភូមិត្របែក ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២ ដោយមានការចូលរួមពីប្រជាកសិករប្រមាណជាង៤០នាក់។

លោកបានបន្តថា ដើម្បីលើកស្ទួយការប្រើប្រាស់ឧបករណ៍ព្រួសស្រូវជាជួរ ប្រកបដោយប្រសិទ្ធភាពខ្ពស់និងបង្ហាញពីសារៈប្រយោជន៍នៃការប្រើប្រាស់ឧបករណ៍នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានសហការជាមួយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ធ្វើស្រែបង្ហាញព្រួសស្រូវជាជួរ ដែលប្រើឧបករណ៍បង្ហាញសម្រាប់ស្រូវប្រដេញទឹក និងស្រូវប្រាំងដោយប្រើពូជស្រូវនាងក្រអូប និងពូជស្រូវអ៊ីអឹម «៥៤៥១» ក្នុងស្រុកចំនួនបួនមានស្រុកតាំងគោក ស្រុកសន្ទុក ស្រុកស្ទោង និងស្រុកសណ្ដាន់ ក្នុងគោលបំណងផ្សព្វផ្សាយបន្តដល់កសិករជុំវិញស្រែបង្ហាញ និងដើម្បីបង្កើនចំណេះដឹង ដល់កសិករក្នុងការតម្លើងនិងប្រើប្រាស់ឧបករណ៍ព្រួសស្រូវជាជួរ ជំរុញឲ្យកសិករប្រើប្រាស់ឧបករណ៍ព្រួសស្រូវជាជួរនេះពីព្រោះចំណាយគ្រាប់ពូជតិចស្រូវដុះលូតលាស់ល្អដោយសារមានចន្លោះជួរដែលអាចអោយពន្លឺនិងខ្យល់ចេញចូលបានគ្រប់គ្រាន់ ចែករំលែកបទពិសោធន៍ ដែលបានអនុវត្តការបង្ហាញព្រួសស្រូវជាជួរ ដោយប្រើឧបករណ៍នេះកន្លងមក ដល់កសិករផ្សេងផ្សេងទៀតក្នុងតំបន់ ។

លោកបានបញ្ជាក់ទៀតថា ការប្រើប្រាស់ម៉ាស៊ីនព្រួសស្រូវជាជួរនេះ គឺសន្សំសំចៃកម្លាំងជាងព្រោះដៃ ប្រើប្រាស់ពូជតិច ស្រូវដុះលូតលាស់ល្អមិនមានការប្រកួតប្រជែងគ្នា ដោយមានពន្លឺនិងខ្យល់ចេញចូលគ្រប់គ្រាន់ស្រូវដុះជាជួរងាយស្រួលក្នុងការថែទាំ និងកំចាត់សត្វល្អិតចង្រៃ និងស្មៅទិន្នផលប្រហាក់ប្រហែលនឹងខ្ពស់ជាង ការប្រើប្រាស់ពូជច្រើនគ្រាប់ស្រូវពេញល្អងាយស្រួលកាត់ពូជលាយ កសិករអាចសម្រាំងទុកជាគ្រាប់ពូជនៅរដូវបន្តបាន។

ជាមួយគ្នានេះ ប្រជាកសិករដែលបានអនុវត្តការប្រើប្រាស់ម៉ាស៊ីនជាជួរនេះរួចហើយ បានលើកឡើងថា ការប្រើប្រាស់ម៉ាស៊ីនព្រួសស្រូវជាជួរនេះ គឺសន្សំសំចៃកម្លាំងជាងព្រោះដៃ ប្រើប្រាស់ពូជតិច ស្រូវដុះលូតលាស់ល្អមិនមានការប្រកួតប្រជែងគ្នា ដោយមានពន្លឺនិងខ្យល់ចេញចូលគ្រប់គ្រាន់ ស្រូវដុះជាជួរងាយស្រួលក្នុងការថែទាំ និងកំចាត់សត្វល្អិតចង្រៃនិងស្មៅទិន្នផលប្រហាក់ប្រហែលនឹងខ្ពស់ជាងការប្រើប្រាស់ពូជច្រើនគ្រាប់ស្រូវពេញល្អ។ ហើយលោកទាំងអស់បានអំពាវនាវ ដល់ប្រជាកសិករដទៃទៀត មកចាប់អារម្មណ៍លើការប្រើប្រាស់ម៉ាស៊ីនព្រួសស្រូវជាជួរនេះវិញម្តង៕