(ភ្នំពេញ)៖ ក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវេីលដ៍ចំនួន១៦នាក់ទៀត ត្រូវបានរកឃេីញវិជ្ជមានកូវីដ-១៩។ នេះបេីតាមសេចក្តីជូនដំណឹង របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានធ្វើតេស្តយកសំណាកដើម្បីស្វែងរកមេរោគកូវីដ-១៩លើក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ លើកទី២ ចំនួន១៦៣នាក់ក្នុងចំណោមក្រុមបាតុករដែលបានមកយកសំណាកចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ (សរុបចំនួន៨៧៩នាក់)។
ជាលទ្ធផលគិតត្រឹមម៉ោង១៧៖០០នាទី នៅល្ងាចថ្ងៃដដែលនេះមានចំនួន១៦នាក់ ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន ។
មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ណែនាំក្រុមបាតុករ និងអ្នកពាក់ព័ន្ធទាំងអស់ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ចំនួន១៦នាក់ខាងលើ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃដោយគោរពឱ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល៕