(ភ្នំពេញ)៖ ថ្មីៗនេះ វិទ្យាស្ថានឧត្តមសិក្សារដ៏ល្បីល្បាញមួយ នៅក្នុងប្រទេសស្វីស ដែលមានឈ្មោះជាភាសារអង់គ្លេសថា Glion Institute of Higher Education បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្រជូននិស្សិតប្រចាំឆ្នាំ និងប្រគល់ជ័យលាភីឧត្តមភាពនៃលទ្ធផលកម្មសិក្សា ជូននិស្សិតឆ្នើមមួយរូប ដែលមាននិទ្ទេសខ្ពស់ជាងគេបំផុត ក្នុងចំណោមនិស្សិតបញ្ចប់បរិញ្ញាបត្រទាំងអស់ នៅក្នុងឆ្នាំ២០២១ មកពី៩៩ប្រទេសជុំវិញពិភពលោក។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងពោរពេញទៅដោយមោទនភាពជាទីបំផុតសម្រាប់កម្ពុជានោះ គឺបេក្ខភាពទទួលជ័យលាភីកម្រិតឧត្តមភាពអន្តរជាតិនេះ គឺជាកុលធិតាខ្មែរយើងតែម្តង។
ម្ចាស់ជ័យលាភីកម្រិតឧត្តមភាពអន្តរជាតិរូបនេះ គឺកញ្ញា ឌុក ទេវី វ៉ានិសសា (Dewy Vanessa Douk) ដែលមានវ័យ២១ឆ្នាំ។ កញ្ញា ឌុក ទេវី វ៉ានិសសា គឺជាកូនស្រីច្បងទីមួយរបស់លោក ឌុក ឌៀន ដែលបច្ចុប្បន្នមានតួនាទីជាសមាជិកកិត្តិយសនៃព្រះរាជខុទ្ទកាល័យ នៃព្រះមហាក្សត្រ និងអ្នកស្រី គួច ណានី ដែលជាធុរជនខ្មែរដ៏ប្រសើរ និងគួរឱ្យគោរពមួយរូបផងដែរ។
កញ្ញា ឌុក ទេវី វ៉ានិសសា បានទៅចូលរៀននៅវិទ្យាស្ថានឧត្តមសិក្សារ Glion Institute of Higher Education នៅក្នុងប្រទេសស្វីស កាលពីឆ្នាំ ២០១៨ ដោយចាប់យកមុខវិជ្ជាខាងផ្នែកការគ្រប់គ្រងបដិសណ្ឋារកិច្ចអន្តរជាតិ ដោយផ្តោតលើឯកទេសខាងផ្នែកយុទ្ធសាស្ត្រ សម្រាប់ម៉ាកផលិតផលបែបប្រណិត (International Hospitality Management with a Specialization in Luxury Brand Strategy)។
នៅចុងឆ្នាំ២០២១ កញ្ញា ឌុក ទេវី វ៉ានិសសា បានបញ្ចប់កម្មវិធីសិស្សាមុខវិជ្ជា និងមុខជំនាញនេះ កម្រិតបរិញ្ញាបត្រប្រកបដោយជោគជ័យ ក៏ប៉ុន្តែអ្វីដែលវិសេសវិសាល និងឧត្តុងឧត្តមនោះ គឺកញ្ញា ឌុក ទេវី វ៉ានិសសា ជាបេក្ខភាពតែម្នាក់គត់ ក្នុងចំណោមនិស្សិតបញ្ចប់បរិញ្ញាបត្រនេះជាច្រើនរូបទៀត មកពីបណ្តាប្រទេសប្រមាណជាង ៩៩ ដែលកញ្ញាទទួលបាននិទ្ទេសខ្ពស់ជាងគេបំផុត គឺ៩១.៩៥%។ ក្នុងចំណោមបណ្តាប្រទេសទាំង៩៩នោះ គឺភាគច្រើនមកពីតំបន់អឺរ៉ុប (Europe) អាស៊ីប៉ាស៊ីហ្វិក (Asia Pacific) តំបន់មជ្ឈិមបូព៌ា (Middle East) តំបន់អាមេរិក (Americas) និងតំបន់អាហ្វ្រិច (Africa)។
កម្មវិធីប្រគល់បរិញ្ញាបត្រ និងប្រគល់ជ័យលាភីកម្រិតឧត្តមភាពអន្តរជាតិនេះ ជូនកញ្ញា ឌុក ទេវី វ៉ានិសសា ត្រូវបានធ្វើឡើងនៅវិទ្យាស្ថានឧត្តមសិក្សារ Glion Institute of Higher Education នៅក្នុងប្រទេសស្វីស កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។
សូមបញ្ជាក់ផងដែរថា វិទ្យាស្ថានឧត្តមសិក្សា Glion Institute of Higher Education ត្រូវបានគេចាត់ទុកជាវិទ្យាស្ថានមួយក្នុងចំណោមវិទ្យាស្ថានចំនួន៣ ដែលមានចំណាត់ថ្នាក់ល្អខ្ពស់ជាងគេ នៅលើពិភពលោកខាងផ្នែកការគ្រប់គ្រងបដិសណ្ឋារកិច្ចអន្តរជាតិ ដោយផ្តោតលើឯកទេសខាងផ្នែកយុទ្ធសាស្ត្រ សម្រាប់ម៉ាកផលិតផលបែបប្រណិត។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News តាមប្រព័ន្ធទំនាក់ទំនងសង្គម, កញ្ញា ឌុក ទេវី វ៉ានិសសា ដែលបច្ចុប្បន្នកំពុងសម្រាកនៅទីក្រុងឡុងដ៍ នៃប្រទេសចក្រភពអង់គ្លេស ជាមួយប្អូនស្រីរបស់គាត់ពីរនាក់ទៀត ដែលកំពុងសិក្សានៅទីនោះ បានពន្យល់បកស្រាយ អំពីជ័យលាភីឧត្តមភាព នៃលទ្ធផលកម្មសិក្សារបស់គាត់។
កញ្ញាបានបន្ថែមទៀតថា វិទ្យាស្ថានឧត្តមសិក្សា Glion Institute of Higher Education គឺជាសកលវិទ្យាល័យដ៏ល្បីល្បាញមួយ នៅប្រទេសស្វីស ដែលមានផ្តល់កម្មវិធីសិក្សា និងមុខវិជ្ជាល្អៗ មានសាស្រ្តាចារ្យ និងក្រុមអ្នកគ្រប់គ្រងកម្រិតឧត្តមភាពខ្ពស់។
កញ្ញាបានលើកឡើងថា កត្តាជ័យជំនះសំខាន់របស់គាត់ សម្រាប់ទទួលជ័យលាភីឧត្តមភាពអន្តរជាតិនេះ គឺអាស្រ័យលើការប្រកាន់យកក្រមវិន័យ នៃការគោរពពេលម៉ោងសិក្សា បានទៀងទាត់ល្អជាប្រចាំ ការចូលរួម ចំណែកពិភាក្សា និងផ្តល់ធាតុចូលរួមជាសកម្ម និងជាប្រចាំនៅក្នុងបាឋកថា (Lectures) ការខិតខំបំពេញការងារ ឬលំហាត់ (Assignments) ឱ្យបានទៀងទាត់ និងល្អបំផុត ដែលអាចធ្វើទៅបាន និងការខិតខំសម្រេចបាននូវលទ្ធផលប្រឡងជារៀងរាល់ឆ្នាំ។
កញ្ញាបានបន្ថែមទៀតថា កត្តាចម្បងមួយទៀតនោះ គឺការជួយឧបត្ថម្ភគាំទ្រទាំងថវិកា និងផ្លូវចិត្តជាប្រចាំពីសំណាក់មាតាបីតា និងប្អូនស្រីទាំងពីររបស់គាត់៕