(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់អំណោយជូនជនក្រីក្រ និងចាស់ជរាក្នុង ខណ្ឌ៧មករា តាមរយៈលោក លីម សុភា អភិបាលខណ្ឌ៧មករា និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ ព្រមទាំងសហការី នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦។
ពិធីចែកអំណោយនេះ ធ្វើឡើងនៅក្នុងវត្តព្រះពុទ្ធមានបុណ្យ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ក្នុងនោះដែលជនក្រីក្រ និងចាស់ជរា ដែលទទួលបានអំណោយមាន៦២គ្រួសារ។ អំណោយដែលផ្ដល់ចែកជូនរួមមាន ១គ្រួសារទទួលបានឃីត១កញ្ចប់ ដែលក្នុងនោះមាន ភួយ១ មុង១ ខ្នើយ១ មី២០កញ្ចប់តូច ត្រីខ ៦កំប៉ុង ទឹកក្រូច ៥កំប៉ុង តែ២កញ្ចប់ ស្កសរ ២គីឡូក្រាម និងថវិកា៤០០០០រៀល។
ក្នុងឱកាសនោះដែរ លោកអភិបាល ក៏បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់អំពីការកើនកម្ដៅថ្ងៃ ភាពរាំងស្ងួត ជាពិសេសចំពោះគ្រោះអគ្គិភ័យ។ ជាចុងក្រោយ ប្រជាពលរដ្ឋក៏សូម ប្រសិទ្ធិពរជូនដល់សម្តេចកិត្តិបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងលោកអភិបាលជាប្រធានកិត្តិយសសាខាកាកបាទក្រហមខណ្ឌ៧មករា និងសហការីផងដែរ៕