(ភ្នំពេញ)៖ លោក សែម សុខបញ្ញា ប្រធានសមាគមហេម៉ូហ្វីលា បានទទូចឲ្យ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បង្កើតមជ្ឈមណ្ឌលទទួលព្យាបាល អ្នកជំងឺហេម៉ូហ្វីលា (ជំងឺហូរឈាមកម្រកក) សម្រាប់អ្នកមានអាយុ១៦ឆ្នាំឡើងទៅ ដើម្បីផ្តល់ឱកាសឲ្យអ្នកមានជំងឺនេះ អាចទទួលបានការព្យាបាលល្អប្រសើរជាងមុន។ លោកថា បច្ចុប្បន្ននៅកម្ពុជា មានតែមន្ទីរពេទ្យពីរប៉ុណ្ណោះ ដែលទទួលព្យាបាលអ្នកជំងឺហេម៉ូហ្វីលា ប៉ុន្តែការព្យាបាលនេះ សម្រាប់តែកុមារមានអាយុក្រោម១៦ឆ្នាំប៉ុណ្ណោះ។
ការស្នើរបស់ លោក សែម សុខបញ្ញា បានធ្វើឡើងក្រោយពីសង្កេតឃើញថា បច្ចុប្បន្ននេះ អ្នកជំងឺហេម៉ូហ្វីលាដែលមានអាយុលើស១៦ឆ្នាំ មានការពិបាកស្វែងរកកន្លែងព្យាបាល ពីព្រោះមន្ទីរពេទ្យភាគច្រើន មិនផ្តល់សេវាសម្រាប់អ្នកជំងឺហេម៉ូហ្វីលា។ ម្យ៉ាងវិញទៀត វេជ្ជបណ្ឌិតមានជំនាញព្យាបាលជំងឺហូរឈាមនេះ នៅមានកំរិត ពោលគឺនៅ ទូទាំងប្រទេសមានតែវេជ្ជបណ្ឌិតបីរូបប៉ុណ្ណោះ ហើយមានមន្ទីរពេទ្យកុមារចំនួនពីរ (មន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ និងមន្ទីរពេទ្យអង្គរ នៅខេត្ត សៀមរាប) ហើយកន្លែង វិនិច្ឆ័យ ចំនួន៣កន្លែងផងដែរ។ នេះបើតាមការលើកឡើងរបស់លោក សែម សុខបញ្ញា ប្រធានសមាគមហេម៉ូហ្វីលានៅពេល បើកទិវាហេម៉ូហ្វីលាពិភព លោក ឆ្នាំ ២០១៦ ក្រោមប្រធានបទ «ស្វែងរកការគាំទ្រដើម្បី បាននូវការព្យាបាលកាន់តែប្រសើរឡើង» នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ នៅក្លឹបយុវជនអន្តរជាតិ។
លោក សែម សុខា រដ្ឋលេខាធិកាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា ជំងឺ ហេម៉ូ ហ្វីលា (ជំងឺហូរឈាមរឺជំងឺកម្រកក) មិនមានថ្នាំព្យាបាលនោះទេ ៧០ភាគរយនៃអ្នកជំងឺនេះ គឺកើតឡើងពីតំណរពូជ ដែលកើតចេញពីឱពុកម្តាយ ជាពិសេសគឺម្តាយ ជាអ្នកផ្ទុកជំងឺនេះមកឲ្យកូន ហើយភាគច្រើនកើតលើមនុស្សប្រុស ចំណែកកូនស្រីជាអ្នកផ្ទុកជំងឺឆ្លងបន្តទៅទៀត ចំណែក៣០ភាគរយទៀតគឺកើតឡើងដោយឯកឯង។
លោក សែម សុខា ថា «ដើម្បីទប់ស្កាត់ជំងឺកម្រកកនេះ គឺអាណាព្យាបាល និងអ្នកពាក់ព័ន្ធត្រូវតាមដានអ្នកជំងឺឲ្យបានជាក់លាក់ ព្យាយាមហាត់ប្រាណ និងទៅពិភាក្សា នៅមន្ទីរពេទ្យ រឺកន្លែងណាមួយដែលទទួលការព្យាបាលជំងឺនេះ។ អ្វីដែលពិសេសនោះគឺត្រូវមានទំនាក់ទំនងល្អរវាងអ្នករងគ្រោះ និងក្រុមគ្រួសារជាមួយក្រសួងសុខាភិ បាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា»។
«ទិវាហេម៉ូហ្វីលាពិភពលោកឆ្នាំ២០១៦ ដែលរៀបចំនៅព្រឹកថ្ងៃដដែលនេះ មានការសហការជាមួយ ក្លឹបយុវជនអន្តរជាតិ ក្នុងការផ្តល់ទីតាំង និងសេវាកម្មហាត់ ប្រាណដល់អ្នកជំងឺដោយឥតគិតថ្លៃ»។ នេះគឺជាការលើកឡើងរបស់ លោក ខុន សុភឹន តំណាងក្លឹបកីឡាយុវជនអន្តរជាតិ។
លោកបន្តថា នេះជាលើកទីមួយហើយ ដែលក្លឹបកីឡាយុវជនអន្តរជាតិ បានចូលរួមសហការការងារជាមួយ សមាគមហេម៉ូហ្វីលា (ជំងឺហូរឈាមរឺជំងឺកម្រកក ដោយសារតែ លោក ចង់ចូលរួមជួយដល់ ការងារសង្គម ជាពិសេស គឺដើម្បីផ្សព្វផ្សាយពីជំងឺកម្រកកនេះ ទៅកាន់ប្រជាពលរដ្ឋឲ្យបានទូលាយថែមទៀត។ លោក ខុន សុភឹន បានបញ្ជាក់ថា ក្លឹបយុវជនអន្តរជាតិ នឹងបន្តចូលរួមគ្រប់សកម្មភាពណា ដែលជួយដល់សង្គមបើមាននៅពេលក្រោយៗទៀត។
គួរបញ្ជាក់ថា សមាគមហេម៉ូហ្វីលា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ បានរៀបចំទិវាហេម៉ូហ្វីលាពិភពលោកឆ្នាំ២០១៦ ក្រោមប្រធានបទ «ស្វែងរកការគាំទ្រ ដើម្បីបាននូវការព្យាបាលកាន់តែប្រសើរឡើង»។ទិវានេះ មានការចូលរួមពី លោក សែម សុខា រដ្ឋលេខាធិកាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក សែម សុខបញ្ញា ប្រធានសមាគមហេម៉ូហ្វីលា លោក ញ៉ឹប ធីនាយកអង្គការ CDMD លោក ដេវីត ខឺតធីស ទីប្រឹក្សាដាក់បញ្ចូលពិការភាពនៃអង្គការ Light For the world លោក ខុន សុភឹន តំណាងក្លឹបកីឡាយុវជនអន្តរជាតិ លោក ផន ហៀប តំណាងសមាគមព្យាបាលដោយចេតនា និងក្រុមគ្រួសាររបស់កុមារៗកើតជំងឺហេម៉ូហ្វីលាជាច្រើននាក់ទៀត។
កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥ សមាគមហេម៉ូហ្វីលាបានរៀបចំទិវាហេម៉ូហ្វីលា ពិភពលោកឆ្នាំ២០១៥ ដោយផ្តោតសំខាន់លើប្រធានបទ «កសាងការគាំទ្រផ្តើមពី គ្រួសារមួយ» ចូលរួមពីសមាជិកសមាជិកាសមាគមហេម៉ូហ្វីលាកម្ពុជា តមណាងអង្គការជាតិ តំណាងក្រុមហ៊ុន ក្រុមអ្នកសារព័ត៌មាន សមាគមអ្នករត់ស៊ីក្លូកម្ពុជា គ្រួសារ និងបងប្អូនអ្នកជំងឺហេម៉ូហ្វីលា សរុបចំនួន៧០នាក់ នៅមុខវត្តបុទុមវត្តី ដោយជិះស៊ីក្លូដើម្បីផ្សព្វផ្សាយជំងឺនេះ៕