(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង តម្លៃ៣៥លានដុល្លារ ជាជំនួយរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលនៅតែបន្តរក្សាជំហរគាំទ្រដល់ដំណើរទស្សនកិច្ចរបស់ សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែមករា កន្លងទៅនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមអរគុណចំពោះមិត្តជប៉ុន ដែលបានបន្តផ្តល់ការគាំទ្រចំពោះទស្សនកិច្ចរបស់ខ្ញុំ ទៅកាន់មីយ៉ាន់ម៉ា ដែលនេះជាសារនយោបាយមួយដ៏ជាក់លាក់ អំពីវិធីសាស្រ្តដោះស្រាយដើម្បីបញ្ចៀសមនុស្សស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឬសភាពការណ៍កាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសមីយ៉ាន់ម៉ា»

រដ្ឋាភិបាលជប៉ុន កាលពីខែមករា ឆ្នាំ២០២២ កន្លងទៅ គាំទ្រដល់ភាពជាប្រធានអាស៊ានរបស់កម្ពុជា និងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេសជប៉ុន បានកត់សម្គាល់ពីវឌ្ឍនភាពមួយចំនួន ក្រោយដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ហើយបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជួយមីយ៉ាន់ម៉ាដោះស្រាយបញ្ហា។

នៅក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ លោក HAYASHI Yoshimasa រដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ អំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន លោក ហ៊ុន ម៉ាណែត បានពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន ទាក់ទងនឹងបញ្ហានៅមីយ៉ាន់ម៉ា

លោក ហ៊ុន ម៉ាណែត បានជម្រាបជូន លោករដ្ឋមន្ត្រី អំពីជំហររបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងនាមប្រធានអាស៊ានលើការដោះស្រាយវិបត្តិនៅក្នុងប្រទេសនេះ គឺធ្វើយ៉ាងណាបញ្ចៀសអំពើហិង្សា រៀបចំការផ្តល់ជំនួយមនុស្សធម៌ និងការបើកច្រកសម្រាប់ការបំពេញភារកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ាន ស្របតាមធម្មនុញ្ញាអាស៊ាន និងចំណុចឯកច្ឆ័ន្ធទាំង៥ របស់អាស៊ាន ក៏ដូចជាធ្វើយ៉ាងណាឱ្យអាស៊ានអាចរក្សាបាននូវមជ្ឈភាព និងពង្រឹងសាមគ្គីភាព។ លោកក៏បានបញ្ជាក់បន្ថែមអំពីគំនិតផ្តួចផ្តើមរបស់កម្ពុជា ក្នុងការបង្កើតយន្តការ Troika (កម្ពុជា ប្រ៊ុយណេ និងឥណ្ឌូនេស៊ី) ដើម្បីតាមដានបទឈប់បាញ់ និងវឌ្ឍនភាពនៃការអនុវត្តចំណុចឯកច្ឆ័ន្ទទាំង៥ របស់អាស៊ាន។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្តែងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះភាពច្នៃប្រឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើការកែច្នៃសភាពការណ៍ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះ ដែលនេះគឺជាចំណុចគន្លឹះ និងជាជោគជ័យនៃសិល្បៈដឹកនាំរបស់ សម្តេច នៅក្នុងការបំពេញតួនាទីដោះស្រាយកិច្ចការអន្តរជាតិ។

ក្នុងពិធីសម្ពោធស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែងដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការបន្តគាំទ្ររបស់ជប៉ុនចំពោះដំណើរទស្សនកិច្ចរបស់សម្តេច គឺជាការរក្សាជំហរតាំងពីដើមទីមក ដោយមិនមានការប្រែប្រួល។ សម្តេចបានថ្លែងអំណរគុណចំពោះការរក្សាគោលជំហរនេះ។

សម្តេចបញ្ជាក់ដូច្នេះថា៖ «នេះជាចំណុចដែលមិត្តជប៉ុន បានមើលឃើញប្រហាក់ប្រហែលយើង ស្របជាមួយនឹងសភាពការណ៍ដែលកំពុងវិវឌ្ឍន៍»។ សម្រាប់បញ្ហាមីយ៉ាន់ម៉ា សម្តេចចង់ឱ្យមិត្តភក្តិក្នុងអាស៊ានដោះស្រាយផងដែរ។

សម្តេចបានបន្ថែមថា «ខ្ញុំក៏មិនចង់ធ្វើអត្ថាធិប្បាយដែរ ប៉ុន្តែខ្ញុំក៏មានបទពិសោធមួយផ្នែក នៃការដោះស្រាយ រឹងពេកក៏មិនបាន ទន់ពេកក៏មិនបាន ត្រូវរកច ន្លោះកណ្តាលមួយទើបអាចដោះស្រាយបាន»

សូមបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ បានអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសសមាជិកអាស៊ាន ហើយកំពុងជួបវិបត្តិនយោបាយ។

ដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានោះ សម្តេចតេជោ ហ៊ុន សែន នាំទៅជាមួយជំនួយជាម៉ាស់ជាង ៣លាន និងគ្រឿងបរិក្ខារមួយចំនួនទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ដោយឡែកភាគីមីយ៉ាន់ម៉ា បានសន្យាពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ព្រមទាំងសម្របសម្រួលដល់ការផ្តល់ជំនួយ និងដំណើរទស្សនកិច្ចរបស់ប្រសិតពិសេសប្រធានអាស៊ានផងដែរ៕