(តូក្យូ)៖ លោក KISHI Nobuo រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រកាសគាំទ្រចំពោះតួនាទីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ និងអះអាងថាឆ្នាំនេះជាឆ្នាំប្រកបដោយអត្ថន័យជ្រាលជ្រៅសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន។

ការលើកឡើងរបស់ រដ្ឋមន្រ្តីការពារជាតិជប៉ុន បានធ្វើឡើងក្នុងឱកាសដែលលោក អនុញ្ញាតឱ្យ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការពារជាតិជប៉ុន នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

កិច្ចពិភាក្សានេះ ផ្តោតជាសំខាន់លើគោលបំណងរួមកម្ពុជា-ជប៉ុន ក្នុងការបន្តពង្រឹងទំនាក់ទំនងប្រកបដោយសក្តានុពលរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរផ្នែកយោធា។

ក្នុងស្មារតីនេះ រដ្ឋមន្ត្រីការពារជាតិជប៉ុន បានបង្ហាញការគាំទ្រចំពោះតួនាទីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងបញ្ជាក់បន្ថែមថា ឆ្នាំ២០២២ ជាឆ្នាំប្រកបដោយអត្ថន័យជ្រាលជ្រៅសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ដូច្នេះដំណើរទស្សនកិច្ចផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាពេលនេះនឹងជួយដល់ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀតយ៉ាងពិតប្រាកដ។

នៅក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន លោក KISHI Nobuo អំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយអគ្គមេបញ្ជាការកងកម្លាំងស្វ័យការពារជប៉ុន និងនាយឧត្តមសេនីយ៍ មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន និងបានស្នើសុំការគាំទ្រលើការបន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ក៏ដូចជាការជំរុញឱ្យទំនាក់ទំនងនេះបានឈានឡើងដល់កម្រិតខ្ពស់ឡើងបន្ថែមទៀត។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីការពារជាតិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជា-ជប៉ុន ក្នុងការបន្តរក្សាទំនាក់ទំនងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងបានគាំទ្រលើសំណើផ្តួចផ្តើមនានារបស់កម្ពុជាពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពធនធានមនុស្សលើជំនាញសំខាន់ៗមួយចំនួនដល់កងទ័ពកម្ពុជា ជាមួយនឹងការរំពឹងថា កម្ពុជានឹងក្លាយដៃគូដ៏ល្អក្នុងការចូលរួមចំណែកដល់ការពង្រឹង និងថែរក្សារក្សាសន្តិភាពនៅក្នុងតំបន់។

លោករដ្ឋមន្ត្រីការពារជាតិជប៉ុន និងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានចូលរួមសម្តែងការអបអរសាទរចំពោះខួបលើកទី៣០ នៃការបញ្ជូនកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ជាលើកដំបូងចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ UNTAC នៅកម្ពុជា និងស្របពេលដែលឆ្នាំ២០២២នេះ កម្ពុជាក៏កំពុងបំពេញតួនាទីជាប្រធានអាស៊ានផងដែរ៕