(យូអិន)៖ មន្ត្រីជំនាញនានាប្រចាំនៅក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បាននិងកំពុងពិភាក្សាគ្នាអំពីការអនុវត្តទណ្ឌកម្ម ដែលត្រូវបានអនុម័តរួចមកហើយ ឲ្យបានឆាប់បំផុតទៅលើ ប្រទេសកូរ៉េខាងជើង ក៏ព្រោះតែរដ្ឋកុម្មុយនិស្តមួយនេះ នៅតែបន្តការធ្វើតេស្តអាវុធ ប្រល័យលោកជាច្រើនលើក។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០១៦។

ការជំរុញនេះ បានកើតឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បានធ្វើតេស្តសាកល្បងបាញ់មីស៊ីល រយៈចម្ងាយមធ្យម កាលពីថ្ងៃទី១៥ និង ទី២៨ ខែមេសា ប៉ុន្តែបានទទួលបរាជ័យ។ ទោះបីជាបែបនេះក្តី កូរ៉េខាងជើង នៅតែ​បង្ហាញមហិច្ឆតាក្នុងការធ្វើតេស្តទៅមុខទៀត រហូតបានសម្រេច ដែលនាំប្រការនេះបាននាំឲ្យអន្តរជាតិមានការព្រួយបារម្ភ ចំពោះចំណាត់ការកន្លងមកដែលមិនអាច រារាំងប្រទេសនេះ
បាន​ទាល់តែសោះ។

សេចក្តីថ្លែងការរបស់ក្រុមប្រឹក្សាសន្តិសុខ បានចេញនៅថ្ងៃសុក្រ ថាទណ្ឌកម្មដែលត្រូវបានសម្រេច កាលពីខែមីនា ឆ្នាំ២០១៦ ត្រូវតែដាក់ឲ្យអនុវត្តន៍ជាធរមាន មិនឲ្យយូរដល់លើសថ្ងៃទី៣១ ខែឧសភានោះឡើយ។ យ៉ាងណាក៏ដោយ កាលពីពេលកន្លងមកនេះ សហរដ្ឋអាមេរិក និងចិនបានព្រមព្រៀងចំពោះសេចក្តីព្រៀងដាក់ទណ្ឌកម្មកូរ៉េខាងជើងនោះហើយ ប៉ុន្តែដោយសារតែ ភាគីរុស្ស៊ីសុំពេលពិនិត្យសិន ទើបការសម្រេចចុងក្រោយត្រូវពន្យាពេល៕