(ភ្នំពេញ)៖ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នៅសាលសហសិក្សា នៃសាលាប៊ែលធី អន្តរជាតិទី៩ បានប្រារព្ធកម្មវិធីសិក្សាបន្ថែម តាមរយៈការសិក្សា «ទស្សនទានព្រះពុទ្ធសាសនា» ជូនដល់សិស្ស ថ្នាក់ទី៩ ទី១០ និងទី១១ ចំនួន ៤.៤៨៨នាក់ ដែលមកពី ១៥សាខា នៃសាលាប៊ែលធីអន្តរជាតិ ដែលមានព្រះលិខិតបញ្ញាប៉ែន វិបុល នាយកប្រតិបត្តិសមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំជាធម្មកថិកនិមន្ត មកសម្តែងធម៌នៅពេលនេះ ។
លោកលី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប ទទួលបន្ទុកសាលាប៊ែលធីអន្តរជាតិ បានមានប្រសាសន៍ថា សាលា ប៊ែលធី អន្តរជាតិបានបញ្ជូល កម្មវិធីសិក្សាបន្ថែមធំៗចំនួន៧ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេស ទូទៅរួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២.កម្មវិធី ពង្រឹងស្មារតី ទី៣.កម្មវិធីទស្សនកិច្ចសិក្សា ទី៤.កម្មវិធិសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ ហើយកម្មវិធីនីមួយៗបានចែកជា៖
ទី១-កម្មវិធីបង្កើនចំណេះទូទៅរួមមាន
-សិស្សថ្នាក់ទី៩ សិក្សាពីទស្សនទានព្រះពុទ្ធសាសនា,-សិស្សថ្នាក់ ទី១០ សិក្សាពី សុវត្ថិភាពចំណី អាហារ និងច្បាប់ចរាចរណ៍ផ្លូវគោក ,-សិស្ស ថ្នាក់ទី១១ សិក្សាពី ការយល់ដឹងពីគ្រឿងញៀន និងជំងឺអេដស៍ -សិស្សថ្នាក់ទី១២ សិក្សាពីច្បាប់ ប្រឆាំងអំពើពុករលួយ និងតួនាទីយុវជននៅក្នុងសង្គម
ទី២-កម្មវិធីពង្រឹងស្មារតីរួមមាន
-កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ,-កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស -វេទិកាជជែក ពិភាក្សាជាសាធារណៈ
ទី៣-កម្មវិធីទស្សនកិច្ចសិក្សា រួមមាន
-ថ្នាក់ទី៤-ទី៥ ខ្មែរ និងភាសាអង់គ្លេស Level4-5 ទស្សនៈកិច្ចព្រះបរមរាជវាំង
-ថ្នាក់ទី៦ ខ្មែរ និងភាសាអង់គ្លេស Level 6 ទស្សនៈកិច្ចសារមន្ទីរជាតិ
-ថ្នាក់ទី៧ ខ្មែរ និងភាសាអង់គ្លេស Level7 ទស្សនៈកិច្ចសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
-ថ្នាក់ទី៨ ខ្មែរ និងភាសាអង់គ្លេស Level8 ទស្សនៈកិច្ចមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក
-ថ្នាក់ទី៩ ខ្មែរ និងភាសាអង់គ្លេស Level 9ទស្សនៈកិច្ចសារមន្ទីរជាតិ និងរមណីយភ្នំតាម៉ៅ
-ថ្នាក់ទី១០ ខ្មែរ និងភាសាអង់គ្លេស Level 10 ទស្សនៈកិច្ចព្រះបរមរាជវាំង និង ភ្នំព្រះរាជទ្រព្យឧត្តុង្គ
-ថ្នាក់ទី១១ខ្មែរ និងភាសាអង់គ្លេស Level 11 ទស្សនៈកិច្ចសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងរមណីយដ្ឋាន ភ្នំសន្ទុក
-ថ្នាក់ទី១២ខ្មែរ និងភាសាអង់គ្លេស Level 12 ទស្សនៈកិច្ចមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងប្រាសាទសម្បូរព្រៃគុក
-ទី៤-កម្មវិធីសិក្សាតាមទូរទស្សន៍៖ សិស្សបានសិក្សាពីចំរៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ
-ទី៥-កម្មវិធីប្រឡងសំណេរ ៖ ធ្វើឲ្យសិស្សចេះស្ទាត់ក្នុងការសរសេរកថាខណ្ឌ សម្រាប់ថ្នាក់តូច និងតែង សេចក្តីសម្រាប់ថ្នាក់ធំ
-ទី៦-កម្មវិធីប្រកួតប្រជែងគណិតវិទ្យា៖ ធ្វើឲ្យសិស្សមានជំនាញ ក្នុងការគិត បូកលេខ ប្រមាណវិធី ដោះស្រាយបញ្ហាបានត្រឹមត្រូវ និងឆាប់រហ័ស។
-ទី៧-កម្មវិធីប្រកួតប្រជែងទេពកោសល្យ៖ លើកទឹកចិត្ត និងផ្តល់ឱកាសជូនសិស្សានុសិស្សបានបញ្ចេញស្នាដៃ និងទេពកោសល្យដែលខ្លួនមានពីកំណើត។
ដោយឡែក កម្មវិធីសិក្សាបន្ថែម តាមរយៈការសិក្សា «ទស្សនទានព្រះពុទ្ធសាសនា» ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងជាពិសេស សម្រាប់សិក្សានុសិស្សនៃសាលាប៊ែលធី អន្តរជាតិ ទាំងអស់ចាប់ពីថ្នាក់ទី៩ រហូតដល់ថ្នាក់ទី១២។
ក្នុងឱកាសនោះផងដែរ ព្រះលិខិតបញ្ញាប៉ែន វិបុល បានមានសង្ឃដីកាថា តបតាមការអញ្ជើញរបស់លោក លី ឆេង លោករដ្ឋមន្រ្តីក្រសួង ធម្មការនិងសាសនា បានចាត់ឲ្យព្រះតេជគុណជាធម្មកថិក និមន្តមកសម្តែងធម៌ ជូនដល់សិស្សានុសិស្សសាលាប៊ែលធីអន្តរជាតិបានយល់ ដឹងពីព្រះធម៌ និងលើកតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបញ្ជ្រាបព្រះពុទ្ធឱវាទដល់សិស្សានុសិស្ស ឲ្យយល់ដឹងពីបុណ្យ បាប គុណ ទោស ពិសេសអប់រំពង្រឹងសីលធម៌ សុជីវធម៌ និងចរិយាធម៌ក្នុងសង្គមឲ្យជៀសផុតពីការប្រើប្រាស់ គ្រឿងញៀនទប់ស្កាត់អំពើ ហិង្សាក្នុងគ្រួសារ អំពើអនាចារ ការរំលោភសេពសន្ថវៈ យល់ដឹងពីបញ្ហាសុខភាព និងជំងឺអេដស៍ គ្រោះថ្នាក់ចរាចរណ៍ និងក្មេងទំនើង។ ជាពិសេស យុវជន យុវនារី កុមារា កុមារី ឲ្យប្រព្រឹត្តតែអំពើល្អ និងខិតខំរៀនសូត្រ ដើម្បីក្លាយទៅជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ទៅថ្ងៃអនាគត ៕