(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានរៀបចំកម្មវិធី «ផ្សព្វផ្សាយអំពីការគ្រប់គ្រងសំណល់ប្លាស្ទិក» ដែលជាការឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នាដើម្បីកិច្ចគាំពារបរិស្ថាន និងបង្ហាញពីការយកចិត្តទុកដាក់របស់ប្រជាជាតិយើងទាំងអស់គ្នា ជាមួយប្រជាជាតិលើសកលលោក ដើម្បីបំផុសចលនាមហាជនចូលរួមការពារ និងថែរក្សាអនាម័យបរិស្ថាន ឱ្យជៀសផុតពីភាពកខ្វក់ដែលបណ្តាលមកពីសំណល់ និងប្រភពបំពុលផ្សេងៗទៀត ដើម្បីគាំពារសុខុមាលភាពប្រជាពលរដ្ឋ និងគុណភាពបរិស្ថាន ឱ្យមានភាពស្រស់បំព្រងជានិច្ចសម្រាប់មនុស្សជាតិបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយៗទៀត។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី មាស ច័ន្ទធីតា អគ្គនាយិការងចំណេះដឹង និងព័ត៌មានបរិស្ថាន និងមានការអញ្ចើញចូលរួមពីលោក មឿង រដ្ឋា នាយកប្រតិបត្តិ នៃបុរីវិមានភ្នំពេញ តំណាងអង្គការ UNDP ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល អាជ្ញាធរមូលដ្ឋាន និងបងប្អូនទាំងអស់ដែលនៅបុរីវិមានភ្នំពេញ គម្រោងទី៩ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោកស្រីបានបញ្ជាក់ថា ក្នុងសំណល់សំរាម ១០០% មានសំណល់សរីរាង្គដែលហៅថា ជាសំណល់ផ្ទះបាយប្រមាណ ៦៨% សំណល់ប្លាស្ទិកប្រមាណ ២០% និងសំណល់រឹងជាង ១០% ហើយអ្វីដែលយើងត្រូវយកចិត្តទុកដាក់បន្ថែម គឺសំណល់ប្លាស្ទិក ដែលជាសំណល់ប្រកបដោយគ្រោះថ្នាក់ ប្រសិនបើយើងមិនគ្រប់គ្រងបានល្អព្រោះសំណល់ប្លាស្ទិក មានផ្ទុកសារធាតុគីមី។ បច្ចុប្បន្ននេះ បរិមាណសំរាមចន្លោះពី ៧០% ទៅ ៨០% ត្រូវបានចាក់ចោលនៅលើទីលាន និងមានប្រមាណ ២០% ប៉ុណ្ណោះ ដែលបានដកហូតយកទៅកែច្នៃ។

នៅកម្ពុជាសំណល់រឹងសំរាម មានប្រមាណជាង ១ម៉ឺនតោន ក្នុងមួយថ្ងៃ និង១ឆ្នាំជាង ៤លានតោន ដែលមានកំណើនប្រមាណ១៥% ក្នុងមួយឆ្នាំ។ នៅរាជធានីភ្នំពេញ មានសំណល់សំរាមចន្លោះពី២៧០០ ទៅ ៣០០០តោន ក្នុងមួយថ្ងៃ។

លោកស្រីបានបន្តទៀតថា ក្រសួងបរិស្ថាន បានរៀបចំយន្តការមួយចំនួនសម្រាប់គាំទ្រភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនកាន់តែល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាព។

ក្នុងក្របខណ្ឌក្រសួងបរិស្ថានលោកស្រីសូមថ្លែងអំណរគុណដល់បុរីវិមានភ្នំពេញ ដែលជានេះលើកទី១ ដែលមានក្រុមហ៊ុនសាងសង់បុរី សហការផ្តល់ទីតាំងសម្រាប់រៀបចំកម្មវិធីនេះឡើង៕