(ភ្នំពេញ)៖ សពលោកអនុសេនីយ៍ឯក ទៀង ករុណា នាយរងការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានពលីជីវិត កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ក្នុងបេសកកម្មបង្ក្រាបជនឧក្រិដ្ឋគ្រឿងញៀន នៅខណ្ឌទួលគោក នឹងរៀបចំដង្ហែនៅវេលាម៉ោង ១៤៖០០នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ។
ក្រុមការងារ Fresh News TV នឹងធ្វើការផ្សាយផ្ទាល់ពីពិធីដង្ហែចេញពីទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្ពោះទៅកាន់វត្ត នន្ទមុនី ស្ថិតតាមបណ្តោយផ្លូវមុន្នីរ៉េត ក្បែរផ្សារស្ទឹងមានជ័យថ្មី។ (សូមរង់ចាំទស្សនាផ្សាយផ្ទាល់)
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ កម្លាំអាវុធហត្ថ រាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀនដ៏ធំមួយ ស្ថិតនៅខាងត្បូងកាំកូស៊ីតធី តាមផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដែលមានរយៈពេលជាង២ម៉ោង ជាលទ្ធផលមេក្លោងជួញដូរគ្រឿងម្នាក់ ត្រូវបានបាញ់ស្លាប់នៅនឹងកន្លែង បក្ខពួក៥នាក់ត្រូវបានចាប់ខ្លួន ដកហូតកាំភ្លើងវែង-ខ្លី៦ដើម រឹបអូសរថយន្ត២គ្រឿង ម៉ូតូ៤គ្រឿង និងមន្រ្តីអាវុធហត្ថម្នាក់គឺលោក ទៀង ករុណា (និមិត្ត៣៣) នាយរងការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានជនល្មើសបាញ់ស្លាប់ផងដែរ៕