(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានគូសបញ្ជាក់ថា បណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុ មានសារៈសំខាន់ណាស់ ព្រោះបញ្ជាក់ថាបងប្អូនប្រជាពលរដ្ធ ជាម្ចាស់កម្មសិទ្ធិដោយស្របច្បាប់។ នេះជាការលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីលក្នុងពិធីចែកបណ្ណកម្មសិទ្ធិ ដល់ប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោក ប្លុង សីហៈ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានសំរេចឲ្យធ្វើការបំបែកក្បាលដី និងចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានចំនួន២៥៨បណ្ណ។

ក្នុងឱកាសនោះ លោក ហែម ដារិទ្ធ បានបន្ថែមថា ពេលទទួលបានបណ្ណកម្មសិទ្ធសម្គាល់ម្ចាស់អចលនវត្ថុ សូមបងប្អូនប្រជាពលរដ្ធរក្សាទុកដាក់ឱ្យបានត្រឹមត្រូវ ព្រោះបណ្ណនេះមានប្រយោជន៍ណាស់នៅពេល ដែលបងប្អូនត្រូវការទិញ-លក់ និងត្រូវការចាំបាច់នៅពេលណាមួយ ហើយនេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីកាត់បន្ថយភាពក្រីក្រតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ធ សូមកុំមានការធ្វេសប្រហែសឱ្យសោះចំពោះជម្ងឺកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុង ដែលកំពុងឆ្លងចូលក្នុងសហគមន៍នាពេលបច្ចុប្បន្ន និងមិនត្រូវភ្លេចវិធានការក្រសួងសុខាភិបាល «៣កុំ និង៣ការពារ» និងចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នា និងគ្រប់ដូស។

លោកបានសង្កត់ធ្ងន់ថា មានតែប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ចាក់ស្រោចពេញប្រទេសដល់ប្រជាពលរដ្ឋមិនប្រកាន់ពូជសាសន៍ដោយឥតគិតថ្លៃ និងទទួលបានការគាំទ្រខ្លាំងពីបណ្តាប្រទេសជាច្រើនផងដែរ៕