(បាងកក)៖ មេដឹកនាំនៃរបបយោធាមីយ៉ាន់ម៉ា លោក មីន អោង ឡាំង បានឯកភាពក្នុងការរៀបចំ ជំនួបរវាងប្រេសិតពិសេសអាស៊ាន មកពីប្រទេសកម្ពុជា និងសមាជិកនៃគណបក្ស NLD របស់លោកស្រី អោង សាន ស៊ូជី នាឱកាសបំពេញទស្សនកិច្ចនៅពេលអនាគត។ នេះបើតាមការគូសបញ្ជាក់លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Fresh News រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកបណ្ឌិត កៅ គឹមហួន (Kao Kim Hourn) បានឱ្យដឹងថា ការសន្យាខាងលើរបស់លោក មីន អោងឡាំង ធ្វើឡើងនៅក្នុងជំនួបតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៦ ខែមករា ជាមួយ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកបណ្ឌិតបន្ថែមថា លោក មីន អោងឡាំង មិនបានបញ្ជាក់លម្អិតថា តើប្រេសិតពិសេសអាស៊ាន នឹងត្រូវជួបជាមួយសមាជិកណាម្នាក់ មកពីគណបក្សលោកស្រី ស៊ូជី នោះទេ។

លោកបណ្ឌិត កៅ គឹម ហួន បានបញ្ជាក់ដូច្នេះថា «កំឡុងកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ រវាងនាយករដ្ឋមន្ត្រីរបស់យើង និងលោក មីន អោងឡាំង បានថ្លែងថា ពួកគេអាចនឹងអនុញ្ញាតឱ្យមានជំនួបជាមួយសមាជិកមួយចំនួនមកពីគណបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ប៉ុន្តែយើងមិនដឹងថា គឺជានរណានោះឡើយ»

គួរបញ្ជាក់ថា ជម្លោះនៅមីយ៉ាន់ម៉ា ដែលកើតឡើងនៅក្រោយរដ្ឋប្រហារយោធាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១មក បានផ្ដាច់ជីវិតមនុស្សច្រើនជាង ១,៥០០នាក់ហើយ និងរាប់ពាន់នាក់ផ្សេងទៀតត្រូវបានចាប់ឃុំខ្លួន។ លោកស្រី អោង សាន ស៊ូ ជី និងមន្ត្រីជាន់ខ្ពស់នៃអតីតរដ្ឋាភិបាលលោកស្រី មួយចំនួនទៀត ក៏កំពុងស្ថិតក្នុងការឃុំខ្លួន ដើម្បីរង់ចាំការកាត់ទោសជាបន្តបន្ទាប់ផងដែរ៕