(ភ្នំពេញ)៖ ក្នុងគោលបំណងលើកទឹកចិត្តដល់ក្រុមហ៊ុនការីទេសចរណ៍ក្នុងស្រុក ឱ្យបន្តសកម្មភាពជំរុញទេសចរណ៍ផ្ទៃក្នុង ទៅតាមគោលដៅនានារបស់កម្ពុជា ប្រកបដោយ សុវត្ថិភាព និងថ្លៃសមរម្យ ក្រសួងទេសចរណ៍នារសៀលថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រគល់ លិខិតបញ្ជាក់ទទួលស្គាល់ការីទេសចរណ៍ក្នុងស្រុក ដែលមានសុវត្ថិភាព ដែលជាផ្នែកមួយនៃចលនាជំរុញទេសចរណ៍ផ្ទៃក្នុង។

ពិធីនេះបានធ្វើឡើងនៅទីស្តីការក្រសួង ក្រោមវត្តមានលោក យិន ស៊ីផេង អគ្គនាយករងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាតំណាងលោក ណេត សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍, លោក ឈុន មករា អគ្គលេខាធិការរងគជវទ និងជាប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍, លោក ហូ វណ្ឌី តំណាងសមាគមទេសចរណ៍កម្ពុជា (CATA) និងការីទេសចរណ៍ ជាច្រើនទៀតផងដែរ។

លោក ឈុន មករា បានឱ្យដឹងថា ចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសទាំងស្រុងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមក ចលនាទេសចរណ៍ផ្ទៃ ក្នុងមានសន្ទុះកើនខ្លាំង ដែលជាសញ្ញាណវិជ្ជមាននៃការងើបឡើងវិញដ៏ឆាប់រហ័សនៃវិស័យទេសចរណ៍កម្ពុជា សម្រាប់ឆ្នាំ២០២២នេះ ជាក់ស្តែងក្នុងព្រះរាជពិធីបុណ្យ អុំទូករយៈពេល៣ថ្ងៃ បូកនឹងថ្ងៃអាទិត្យ០១ថ្ងៃទៀត មានភ្ញៀវទេសចរផ្ទៃក្នុងសរុប១.១៥លាននាក់ បានធ្វើដំណើរទូទាំងប្រទេស និងឱកាសឆ្លងឆ្នាំសកល២០២១ ឆ្លងចូលឆ្នាំ២០២២ មានភ្ញៀវកម្សាន្ត១,១៥លាននាក់ កើនឡើង ៦៣.៧% ធៀបនឹងឱកាសឆ្លងឆ្នាំសកល២០២០ ឆ្លងចូលឆ្នាំ២០២១កន្លងមក។

ដោយឡែកស្របគ្នានឹងគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលលើផ្នែកពន្ធដារ ការលើកលែងកម្រៃការបន្តអាជ្ញាបណ្ណទេសចរណ៍ និងគោលនយោបាយ លើកទឹកចិត្ត ដទៃទៀត ក្រសួងទេសចរណ៍ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនការីទេសចរណ៍ក្នុងស្រុក បានដាក់ចេញនូវកម្មវិធីកញ្ចប់ទស្សនកិច្ចទេសចរណ៍ក្នុងស្រុកតម្លៃសមរម្យ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុងប្រកបដោយសុវត្ថិភាព និងភាពទាក់ទាញ។ ទន្ទឹមនឹងនេះដែរក្រសួងទេសចរណ៍ ក៏បានដាក់ចេញនូវនីតិវិធីស្តង់ដាប្រតិបត្តិសម្រាប់ការីទេសចរណ៍ក្នុងស្រុក ដើម្បីធានាថាការធ្វើដំណើរប្រកបដោយសុវត្ថិភាពខ្ពស់ផងដែរ។

លោក យិន ស៊ីផេង បានឱ្យដឹងថា បច្ចុប្បន្ននេះការីទេសចរណ៍ក្នុងស្រុកសរុបចំនួន ៣៦ក្រុមហ៊ុន ក្នុងនោះការីទេសចរណ៍ចំនួន ១១ក្រុមហ៊ុន បាននិងកំពុងមានសកម្មភាព រៀបចំកញ្ចប់ទស្សនកិច្ចកម្សាន្ត ជូនភ្ញៀវទេសចរជាតិទៅកម្សាន្តនៅរមណីយដ្ឋាននានា ដែលជាលទ្ធផលក្នុងរយៈពេលជាង ៣ខែចុងក្រោយ មានភ្ញៀវទេសចរជាតិ ទៅធ្វើដំណើរកម្សាន្តតាមរយៈការីទេសចរណ៍ក្នុងស្រុក មានចំនួន ៣,០៧០នាក់ មានកំណើនប្រមាណ ២៤៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលទទួលបានតែ ៨៩៤នាក់។

ដើម្បីពង្រឹងការគ្រប់គ្រងសកម្មភាពរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ក្នុងស្រុកប្រកបដោយសុវត្ថិភាព និរន្តរភាព និងមានការរីកចំរើនថែមទៀត លោក យិន ស៊ីផេង ក៏បានជំរុញឱ្យការីទេសចរណ៍ បន្តចូលរួមសហការពង្រឹងគុណភាពសេវាកម្ម និងអនុវត្តឱ្យបានល្អប្រសើរនូវវិធានសុវត្ថិភាពទេសចរណ៍ស្របតាមគន្លងប្រក្រតីភាពថ្មី។ ក្នុងនោះដើម្បីអនុវត្តតាមស្មារតីនេះទទួលបានជោគជ័យ ត្រូវមានការចូលរួមពីការីទេសចរណ៍ក្នុងស្រុក និងអ្នកផ្គត់ផ្គង់ទេសចរណ៍ព្រមទាំងមានការដឹកនាំ និងសម្រប សម្រួលដោះស្រាយពីក្រសួងទេសចរណ៍ នូវរាល់បញ្ហាប្រឈម និងសំណូមពរ របស់ប្រតិបត្តិករទេសចរណ៍ក្នុងដំណើរការអាជីវកម្មនេះផងដែរ។

សូមបញ្ជាក់ថា ការីទេសចរណ៍ក្នុងស្រុក ដែលទទួលបានលិខិតទទួលស្គាល់រួមមាន៖ ការីទេសចរណ៍ World Express Co., Ltd , ការីទេសចរណ៍ WORLD POP TRAVEL-TOURS GROUP CO., LTD , ការីទេសចរណ៍ BELTEI Tour , ការីទេសចរណ៍ ANN LOEU TRAVEL CO., LTD , ការីទេសចរណ៍ DOUBLE L TRAVEL AND TOURS CO., LTD , ការីទេសចណ៍ KHMER SELFIE TOURS CO., LTD ការីទេសចរណ៍ GLOBAL HOLIDAY TRAVEL & TOUR CO., LTD , ការីទេសចរណ៍ MYT TOURS CO., LTD , ការីទេសចរណ៍ ELITE Travel & Tours Co., Ltd និងការីទេចរណ៍ Bun Chea Travel & Tours Co., Ltd ៕