(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីបំភ្លឺ អំពីការបង្កើតច្រកទ្វារអ៉ិនធឺណិតជាតិ។

ការចេញសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេស បានធ្វើឡើងបន្ទាប់ពីមានការបន្តបកស្រាយខុស ជាពិសេសដោយប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន អំពីគោលបំណងនៃ ការបង្កើតច្រកទ្វារអ៉ិនធឺណិតជាតិនៅក្នុងប្រទេសកម្ពុជា។

សេចក្តីបំភ្លឺដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកត់សម្គាល់ជាមួយការខកចិត្ត នូវការបន្តបកស្រាយខុស ជាពិសេសដោយប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនអំពីគោលបំណងនៃ ការបង្កើតច្រកទ្វារអ៉ិនធឺណិតជាតិនៅក្នុងប្រទេសកម្ពុជា បើទោះបីជាមានការពន្យល់ និងការបំភ្លឺជា ច្រើនដងដោយអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាក្តី»

ក្នុងគោលបំណងផ្តល់ការបំភ្លឺបន្ថែមចំពោះការយល់ខុសទាំងនេះ អ្នកនាំពាក្យបានបញ្ជាក់នូវកំណត់ត្រាជុំវិញបញ្ហានេះ ដូចតទៅ៖

រាជរដ្ឋាភិបាល ក្នុងគោលបំណងសម្រួល និងគ្រប់គ្រងការតភ្ជាប់អ៉ិនធឺណិត និងពង្រឹងសន្តិសុខជាតិ និងការប្រមូលពន្ធ ក៏ដូចជាថែរក្សាសណ្តាប់ធ្នាប់សង្គម និងការពារវប្បធម៌ជាតិ បានបង្កើតគណៈ កម្មាធិការអន្តរក្រសួងមួយនៅឆ្នាំ២០១៩ ស្តីពីការបង្កើតច្រកទ្វារអ៉ិនធឺណិតជាតិ ដើម្បីសិក្សា និងរិះរកវីធីសាស្រ្តនានា សម្រាប់ការបង្កើតយន្តការដ៏ចាំបាច់មួយនេះ។

គណៈកម្មាធិការនេះ តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាស្ថាប័នជំនាញ បានចាប់ផ្តើមការសិក្សាទូលំទូលាយមួយអំពីគំរូហេដ្ឋារចនាសម្ព័ន្ធពីបណ្តាប្រទេសផ្សេងៗនៅជុំវិញពិភពលោក និងបានពិនិត្យឃើញថា ប្រទេសស្ទើរតែទាំងអស់សុទ្ធតែមានច្រកទ្វារអ៉ិនធឺណិត និងបទប្បញ្ញត្តិដោយឡែកពីគ្នា។

អនុក្រឹត្យស្តីពីច្រកទ្វារអ៉ិនធឺណិតជាតិ ដែលបានចុះហត្ថលេខានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានរៀបចំឡើងដោយតម្លាភាព ហើយការពិគ្រោះយោបល់នានាត្រូវបានធ្វើឡើងជាមួយអ្នកជំនាញជាច្រើននៅក្នុងវិស័យនេះ ប្រតិបត្តិករឯកជន និងស្ថាប័នពាក់ព័ន្ធនានា ជាច្រើនលើកច្រើនសា។

ការបង្កើតច្រកទ្វារអ៉ិនធឺណិតជាតិ ដែលមានជាទូទៅស្ទើរគ្រប់ប្រទេសជុំវិញពិភពលោក ដើរតួជាឧបករណ៍មួយដ៏មានប្រសិទ្ធភាព ដើម្បីបង្កើនការប្រមូលចំណូលជាតិ ដោយឈរលើមូលដ្ឋាននៃការប្រកួតប្រជែងប្រកបដោយតម្លាភាព សមភាព និងស្មោះត្រង់រវាងរដ្ឋ និងប្រតិបត្តិករទូរគមនាគមន៍។ លើសពីនេះ វារួមចំណែកដល់ការទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៉ិនធឺណិត ដូចជាការប្រើប្រាស់ដោយខុសច្បាប់នូវការតភ្ជាប់បណ្តាញឆ្លងដែន ការលេងល្បែងអនឡាញខុសច្បាប់ ការបោកប្រាស់តាមអ៉ិនធឺណិត ជាដើម។

យន្តការនេះមិនមានបទប្បញ្ញត្តិណាមួយ ដូចដែលត្រូវបានចោទប្រកាន់ថាអនុញ្ញាតឱ្យមានការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ និងការរឹតបន្តឹងសេរីភាពនៃការបញ្ចេញមតិនោះទេ។ រដ្ឋាភិបាលនឹងរៀបចំដាច់ដោយឡែក នូវច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន នៅពេលដែលសេចក្តី ព្រាងច្បាប់ស្តីពីសន្តិសុខតាមអ៉ិនធឺណិតត្រូវបានបញ្ចប់។

ចំពោះការចោទប្រកាន់ដែលថា ការបង្កើតច្រកទ្វារអ៉ិនធឺណិតជាតិ អនុញ្ញាតឱ្យអាជ្ញាធរកម្ពុជាត្រួតពិនិត្យ និងតាមដានរាល់សកម្មភាពតាមប្រព័ន្ធអ៉ិនធឺណិត ចាប់ និងរឹតបន្តឹងការប្រាស្រ័យទាក់ទងនានាតាមប្រព័ន្ធឌីជីថល ព្រមទាំងប្រមូល រក្សាទុក និងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ បង្កើតហានិភ័យដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ រួមទាំងសិទ្ធិក្នុងការស្វែងរក ទទួលបាន និងចែកចាយព័ត៌មាន និងគំនិតនានា ក៏ដូចជាសិទ្ធិឯកជនភាព គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន។

ផ្ទុយទៅវិញ រាជរដ្ឋាភិបាលគោរពសិទ្ធិឯកជនភាព និងសេរីភាពក្នុងការបញ្ចេញមតិរបស់បុគ្គល និងការពារទិន្នន័យផ្ទាល់ខ្លួន ដែលទាំងអស់នេះមានចែងក្នុងច្បាប់ រដ្ឋធម្មនុញ្ញ សន្ធិសញ្ញាស្តីពីសិទ្ធិមនុស្សអន្តរជាតិដែលបានផ្តល់សច្ចាប័នរួច ក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ស្ដីពីទូរគមនាគមន៍៕