(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសលទ្ធផល នៃជំនួបតាមប្រព័ន្ធវីដេអូរវាង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Anniken Huitfeldt រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រន័រវែស ដែលធ្វើឡើងកាលពីម្សិលមិញ។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺក្នុងជំនួបនោះ រដ្ឋមន្រ្តីការបរទេសទាំងពីរបានផ្លាស់ប្តូរយោបល់លើមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងទាក់ទងកម្ពុជា-ន័រវែស និងភាពជាដៃគូអាស៊ាន-ន័រវែស។

លោក ប្រាក់ សុខុន បានថ្លែងអំណរគុណលោកស្រី Anniken Huitfeldt ចំពោះការប្តេជ្ញាចិត្តគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» និងបានជម្រាបជូនលោកស្រី អំពីអាទិភាពនានារបស់កម្ពុជា ដើម្បីជំរុញបន្ថែមទៀតការកសាងសហគមន៍អាស៊ាន នៅចំពោះមុខការប្រឈមនានាក្នុងពេលបច្ចុប្បន្ន។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបង្ហាញទស្សនៈរួមចំពោះតម្លៃនៃសន្តិភាព និងសន្តិសុខ នៅក្នុងទំនាក់ទំនងខាងក្រៅ និងបានចែករំលែកនូវបំណងប្រាថ្នាដ៏មុតមាំ ក្នុងការលើកកម្ពស់ភាពជាដៃគូអាស៊ាន-ន័រវែស លើគ្រប់វិស័យដែលអាចធ្វើទៅបាន។ ក្នុងការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់លោកស្រី Huitfeldt ឱ្យមានកិច្ចប្រជុំត្រីភាគីអាស៊ាន-ន័រវែស ជាទៀងទាត់ និងការធ្វើជាភ្ញៀវរបស់ប្រធានអាស៊ាន ក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ នៅត្រីមាសទី៣នៃឆ្នាំនេះ លោកឧបនាយករដ្ឋមន្ត្រី បានអះអាចចំពោះលោកស្រីថា លិខិតអញ្ជើញនឹងផ្ញើជូនលោកស្រីរដ្ឋមន្រ្តីការបរទេស នាពេលខាងមុខ។

ពាក់ព័ន្ធនឹងស្ថានភាពនៅមីយ៉ាន់ម៉ាវិញ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ដើម្បីកាត់បន្ថយវិបត្តិដ៏ស្មុគស្មាញនេះ ជាពិសេសតាមរយៈការពន្លឿនការអនុវត្តកិច្ចព្រៀមព្រៀងជាឯកច្ឆន្ទទាំងប្រាំចំណុច ដែលបានឯកភាពក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ។

លោក ប្រាក់ សុខុន បានជម្រាបជូនលោកស្រី Anniken Huitfeldt អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន រួមទាំងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះទៅកាន់មីយ៉ាន់ម៉ាដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជំហានបន្ទាប់របស់កម្ពុជាផងដែរ ហើយបានថ្លែងអំណរគុណន័រវែស ដែលបានរៀបចំឱ្យលោកធ្វើបទបង្ហាញអំពីមីយ៉ាន់ម៉ា នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះការសម្តែងនូវការគាំទ្ររបស់លោកស្រី Huitfeldt ដល់តួនាទីរបស់លោក ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា ក៏ដូចជា ផែនការរបស់លោកក្នុងការស្វែងរកវិធី និងមធ្យោបាយប្រកបដោយប្រសិទ្ធភាព សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា ដល់ប្រជាជនទាំងអស់នៅមីយ៉ាន់ម៉ាដែលត្រូវការជំនួយបន្ទាន់ដោយគ្មានការរើសអើង។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាថា គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ត្រូវតែចូលរួមដើម្បីសម្រេចបាននូវដំណោះស្រាយប្រកបដោយបរិយាប័ន្នមួយ និងសន្តិភាព និងការបង្រួបបង្រួមជាតិយូរអង្វែង។

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគីវិញ លោក ប្រាក់ សុខុន បានរំលឹកឡើងវិញនូវអំណរអរគុណរបស់កម្ពុជាចំពោះប្រទេសន័រវែស ជាប្រទេសដែលបានគាំទ្រជាយូរយាណាស់មកហើយចំពោះគោលដៅគ្មានគ្រាប់មីនរបស់កម្ពុជា និងជាអ្នកផ្តល់ជំនួយដ៏សំខាន់សម្រាប់សាលាក្តីខ្មែរក្រហម។

លោក ប្រាក់ សុខុន និងលោកស្រី Anniken Huitfeldt បានបង្ហាញសុទិដ្ឋិនិយមថា ការពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំងពីរ នាដើមខែមីនា នៅទីក្រុង Oslo ក្នុងឆ្នាំនេះ នឹងសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងការកំណត់វិស័យប្រកបដោយសក្តានុពលនៃកិច្ចសហប្រតិបត្តិការសម្រាប់ផលប្រយោជន៍ទៅវិញទៅមក រួមមានក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងភាពជាដៃគូក្នុងវិស័យឯកជន ជាដើម។ រដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់ និងឯកភាពគ្នា លើកកម្ពស់ការសម្របសម្រួលដ៏ល្អលើបញ្ហាតំបន់ និងពិភពលោក៕