(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីប្រកាសផ្សព្វផ្សាយអំពីការចាប់ផ្តើមបើកដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំនោះ លោក ប្រាជ្ញ ចន្ទ បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវធ្វើឡើងជារៀងរាល់ប្រាំឆ្នាំម្តង តាមរយៈការបោះឆ្នោតជាសកល។ កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវកំណត់ដោយនាយករដ្ឋមន្ត្រី ក្នុងរយៈពេល ៩ខែយ៉ាងតិច មុនថ្ងៃបោះឆ្នោត តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៣១ ស.ស.រ ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២។

លោក ប្រាជ្ញ ចន្ទ បានបន្តថា គ.ជ.ប បានត្រៀមខ្លួន និងបានរៀបចំរួចជាស្រេចនូវផែនការមេ ប្រតិទិនការងារ និងបានធ្វើបច្ចុប្បន្នភាពលើបទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តផ្សេងទៀត ដើម្បីធានាឱ្យការរៀបចំចាត់ចែងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

លោក ប្រាជ្ញ ចន្ទ បានបន្ថែមទៀតថា ចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតគឺ គ.ជ.ប មានការងារជាច្រើនដែលត្រូវធ្វើជាមួយភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់ពីគណបក្សនយោបាយ អង្គការ សមាគម អ្នកសារព័ត៌មាន ក្រសួងស្ថាប័នជាតិពាក់ព័ន្ធរួមទាំងប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ការងារទាំងនោះ ត្រូវអនុវត្តតាមដំណាក់កាល និងមានកាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ច្បាស់លាស់។ ដំណាក់កាលទាំងនោះរួមមាន៖

ទី១៖ ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ
ទី២៖ ការឃោសនាបោះឆ្នោត
ទី៣៖ ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត
ទី៤៖ ការប្រកាសលទ្ធផលនៃការបោះឆ្នោត។

ឆ្លើយតបទៅនឹងសំណួររបស់ភាគីពាក់ព័ន្ធដែលបានចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ គ.ជ.ប បានបញ្ជាក់ថា៖

* ក្នុងការអនុវត្តការងារបោះឆ្នោត គ.ជ.ប តែងតែជួបបញ្ហាប្រឈមដូចជាភ្លៀង ទឹកជំនន់ សម្ភារបរិក្ខាខូច។ ទោះជាយ៉ាងណាក៏ដោយ គ.ជ.ប បានចាត់វិធានការត្រៀមទុកជាមុន ដើម្បីធានាដោះស្រាយបញ្ហាទាំងនេះមិនឱ្យរាំងស្ទះការងារឡើយ។
* បញ្ហាដែលយើងព្រួយបារម្ភទាំងអស់គ្នា គឺជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែ គ.ជ.ប ក៏បានត្រៀមរួចហើយដែរ ដែលកិច្ចការនេះត្រូវធ្វើរួមគ្នាជាមួយក្រសួងសុខាភិបាល អាជ្ញាធរ-ដែនដី និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីឱ្យការបោះឆ្នោតនេះសម្រេចបានជោគជ័យ។
* ការផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្ន គឺជាការបិទផ្សាយកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២) នៅការិយាល័យបោះឆ្នោត ហើយកំណត់ហេតុនេះ ក៏ត្រូវបិទផ្សាយនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ដែរ។ នៅ ពេល គឃ.សប បានបូកសរុបលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតក្នុងឃុំ សង្កាត់រួច កំណត់ហេតុបូកសរុបលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតក្នុងឃុំ សង្កាត់ (ទម្រង់បែបបទ ១១០៣) នឹងត្រូវបិទផ្សាយនៅទីស្នាក់ការ គឃ.សប។
* ការផ្សព្វផ្សាយលទ្ធផលបឋម គឺជាការផ្សាយព័ត៌មានអំពីលទ្ធផលនៃការបោះឆ្នោតតាមឃុំ សង្កាត់ ជាបណ្តើរៗចេញពី គ.ជ.ប តាមទូរទស្សន៍ជាតិកម្ពុជា នៅយប់នៃថ្ងៃបោះឆ្នោត។ គ.ជ.ប ធ្វើការផ្សាយព័ត៌មានអំពីលទ្ធផលបឋមនេះចំនួន ២ថ្ងៃទើបអស់។
* ក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២នេះ គ.ជ.ប បានត្រៀមលក្ខណៈរួចរាល់អស់ហើយ ទាំងមូលដ្ឋានច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងផែនការមេ គម្រោងថវិកា ការរើសមន្រ្តី បន្ថែមបម្រើឱ្យការបោះឆ្នោតនៅតាមគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត និង គឃ.សប។
* គម្រោងថវិកាគ្រោងចំណាយសម្រាប់ការបោះឆ្នោត ឆ្នាំ២០២២ មានប្រមាណជាង ៤៣លានដុល្លារសហរដ្ឋអាមេរិក បើប្រៀបនឹងការបោះឆ្នោតឃុំ សង្កាត់កន្លងមកគឺ ឆ្នាំ២០១៧ ចំណាយអស់ជាង ៥២លានដុល្លារសហរដ្ឋអាមេរិក។
* គ.ជ.ប មិនអនុញ្ញាតឱ្យធ្វើការផ្សព្វផ្សាយលទ្ធផលនៃការបោះឆ្នោតតាមការិយាល័យនីមួយៗ ដោយបន្តផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយទេ ពីព្រោះនាំឱ្យសាធារណជនយល់ច្រឡំអំពីលទ្ធផលនៃការបោះឆ្នោត។
* គ.ជ.ប សូមបញ្ជាក់ម្តងទៀតថា គ្មានការបោះឆ្នោតតាមអនឡាញ និងគ្មានការិយាល័យបោះឆ្នោតនៅក្រៅប្រទេសទេ។

មុននឹងបញ្ចប់កិច្ចប្រជុំ លោក ប្រាជ្ញ ចន្ទ បានជឿជាក់យ៉ាងមុតមាំថា អង្គការ សមាគម ទាំងជាតិ និងអន្តរជាតិ នឹងដាក់អ្នកសង្កេតការណ៍របស់ខ្លួនចូលរួម ឃ្លាំមើលដំណើរការរៀបចំការបោះឆ្នោត ហើយដោយឡែកអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នឹងបន្តការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការងារទាំងអស់នេះ ជូនដល់សាធារណជនដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកបោះឆ្នោតផង និងដើម្បីជំរុញឱ្យមានការចូ លរួមយ៉ាងផុលផុសផង។