(កំពង់ឆ្នាំង)៖ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ខួបលើកទី១៥៣ នៅខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធធ្វើនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៦នេះ នៅសាលាខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ «គ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» ក្នុងគោលបំណងគៀងគររកមូលនីធិ ដើម្បីចូលរួមចំណែកផ្តល់ជំនួយមនុស្សធម៌ ជួយដល់មនុស្សជាតិ ដែលរងគ្រោះដោយគ្រោះធម្មជាតិ និង ឧបទ្ទេវហេតុផ្សេងៗ។ ពិធីនេះប្រារព្ធធ្វើឡើងក្រោមវត្តមាន សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃកាកបាទក្រហមកម្ពុជា។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា សម្រាប់ខេត្តកំពង់ឆ្នាំង ឃើញថាការរៀបចំទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម គឺជាការងារមួយ បានធ្វើ និង មានបទពិសោធន៍ច្រើនណាស់មកហើយ កត្តាសំខាន់គ្រប់មន្ទីរ អង្គភាព និងបងប្អូនអាជីវករយើងនៅក្នុងខេត្ត មានទឹកចិត្តចូលរួមទាំងកម្លាំងកាយ និងធនធាន ជួយគាំទ្រ និង ទ្រទ្រង់ដល់ចលនាកាកបាទក្រហម ខេត្តកាន់តែមានភាពរលូន។
នាឱកាសនោះ លោកបានបន្តថា បញ្ហាប្រឈមចំពោះមុខ ដែលត្រូវក្រុមការងារចុះទៅតាមមូលដ្ឋានជនបទដឹកទឹក ចែកជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត កន្លងមកនេះ បានធ្វើជាបន្តបន្ទាប់ ហើយមានភាពធូរស្រាលផងដែរ ដោយមានភ្លៀងធ្លាក់នៅយប់ថ្ងៃទី២៩ យប់មិញនេះ គ្របដណ្តាបលើភូមិចំនួន១០ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានអានសេចក្តីថ្លែងការរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានការបាទក្រហមកម្ពុជា ដោយបានពាំនាំនូវ ព្រះរាជទានសេចក្តីនឹករលឹក និងបន្ទួលផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយ ព្រះហរទ័យស្រឡាញ់ យ៉ាងជ្រាលជ្រៅ បំផុតអំពី ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថសីហនុ ព្រះវរាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទប្រហមកម្ពុជា ជូនចំពោះអង្គមិទ្ទិញទាំងមូល និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង។
សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃកាកបាទក្រហមកម្ពុជា ថ្លែងថា លទ្ធផលដែលកាបាទក្រហមកម្ពុជា សម្រេចបាន គឺមិនអាចកាត់ផ្តាច់បានពីការ ឧបត្ថម្ភគាំទ្រដ៍ថ្លៃថ្លា ទាំងស្មារតី សំភារៈ ថវិកា រយៈពេលកន្លងមក ក៍ដូចជាបច្ចុប្បន្នរបស់ លោកឧកញ៉ា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជននានា ក្នុងនិងក្រៅខេត្ត សម្រេចជាមធ្យោបាយ ក្នុងសកម្មភាបមនុស្សធម៌ ដ៍មានប្រសិទ្ធិភាពស្រោបតាមពាក្យស្លោក ទីណាមានប្រជាពលរដ្ឋជួបការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា៕