(បន្ទាយមានជ័យ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការដឹកនាំកំណែទម្រង់សកលវិទ្យាល័យជាតិមានជ័យ បានអញ្ជើញរៀបចំពិធីផ្សព្វផ្សាយផែនការសកម្មភាពស្តីពី កំណែទម្រង់សាកលវិទ្យាល័យជាតិមានជ័យ រយៈពេល១ឆ្នាំ (ឆ្នាំ២០២២) និងបើកការដ្ឋានសាងសង់ផ្លូវបេតុង និងទំនប់ទឹក។

ពិធីនេះមានការចូលរួមពីសំណាក់លោកសាស្ត្រាចារ្យ សេង ផល្លី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការដឹកនាំកំណែទម្រង់ សកលវិទ្យាល័យជាតិមានជ័យ, លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈទ្រទ្រង់ សកលវិទ្យាល័យជាតិមានជ័យ, លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ ឃន ប្រធានគណៈគ្រប់គ្រងសកលវិទ្យាល័យជាតិមានជ័យ សមាជិកសមាជិកាក្រុមការងារគណៈកម្មការកំណែទម្រង់ សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំ នៅសាលប្រជុំ (ធំ) សាកលវិទ្យាល័យជាតិមានជ័យ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ សេង ផល្លី បានថ្លែងថា ដើម្បីអនុវត្តផែនការសកម្មភាពកំណែទម្រង់សាកលវិស័យទ្យាល័យជាតិមានជ័យ ដោយផ្អែកលើចំណុចសំខាន់ៗ គឺអនុវត្តទៅតាមមតិណែនាំដ៏ខ្ពង់ខ្ពស់របស់លោក ស សុខា និងបានដាក់ចេញនូវគំនិតយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីបញ្ចូលនៅក្នុងផែនការសកម្មភាពកំណែទម្រង់ឱ្យមានលក្ខណៈគ្រប់ជ្រុង ជ្រោយឆ្លើយតបទៅហ្នឹងសកម្មភាពជាក់ស្ដែងនៃសាកលវិទ្យាល័យ ដែលកំពុងធ្វើការកំណែទម្រង់ឱ្យក្លាយទៅជាសាកលវិទ្យាល័យ ដ៏ល្បីល្បាញនៃទិសពាយព្យនៅជាប់ប្រទេសថៃ។

លោកបានបន្តថា ផ្អែកលើផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ របស់សាកលវិទ្យាល័យជាតិមានជ័យ (២០២១- ២០២៥) ដែលផែនការនេះមានការឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា និងផ្អែកទៅលើរបាយការណ៍ចុះសិក្សា ស្រាវជ្រាវប្រមូលព័ត៌មានពីថ្នាក់ដឹកនាំគ្រូបង្រៀន មន្ត្រី និងអ្នកពាក់ព័ន្ធដើម្បីជាធាតុចូលមកគិត ពិចារណាសម្រាប់ជាផែនការកសាងសកម្មភាពឱ្យមានលក្ខណៈសមស្រប។

លោកសាស្ត្រាចារ្យ សេង ផល្លី បានបញ្ជាក់ថា ការចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង និងការប្រជុំនៅសាកលវិទ្យាល័យកន្លងមក បានរកឃើញនូវចំណុចខ្វះខាតមួយចំនួនដូចជា៖ បញ្ហាទឹកជំនន់ជន់លិចនៅក្នុងសាកលវិទ្យាល័យ ដែលនាំឱ្យខូចខាតដល់ហេដ្ឋា រចនាសម្ព័ន្ធ អគារសិក្សាលិចទឹក និងបណ្ណាល័យចាស់ទ្រុឌទ្រោម និងជ្រាបទឹក ដែលធ្វើឱ្យមានការប៉ះពាល់ដល់ការសិក្សាស្រាវជ្រាវ របស់គ្រូ បង្រៀន និស្សិត ហើយស្ថានភាពមួយផ្នែកធំដែលជាផ្លូវ លំបាត់បង់នូវសោភ័ណ ភាពសាកលវិទ្យាល័យ មិនតែប៉ុណ្ណោះធ្វើឱ្យមានភាពលំបាកក្នុងការបំពេញការងារការសិក្សារៀនសូត្ររបស់មន្ត្រី គ្រូ និស្សិត ពិសេសពេលភ្លៀងម្ដងៗ ធ្វើឱ្យមានការប៉ះពាល់ដល់អារម្មណ៍របស់និស្សិត និងប៉ះពាល់ដល់កិត្យានុភាព និងកិត្តិយសរបស់សកលវិទ្យាល័យថែមទៀតផង។

ដើម្បីធ្វើឱ្យសាកលវិទ្យាល័យជាតិ មានភាពសោភ័ណភាពក៏ដូច ជាស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញនោះ ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យជាតិមានជ័យ បានបើកការដ្ឋានសាងសង់ផ្លូវបេតុង និងទំនប់ទឹក ដើម្បីកាត់បន្ថយនូវការលំបាករបស់មន្ត្រី គ្រូ និស្សិត ក្នុងការបំពេញការងារ សិក្សារៀនសូត្រជាពិសេសធ្វើឱ្យមានសោភ័ណភាពស្រស់ស្អាត មានអនាម័យ និងបរិស្ថានស្អាត ក្នុងសាកលវិទ្យាល័យផងដែរ៕