(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានរៀបចំប្រារព «ទិវាសប្តាហ៍គាំពារសង្គម» ជាលើកដំបូង ជាមួយនឹងប្រធានបទ «ឆ្ពោះទៅការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម សម្រាប់គ្រប់គ្នា» ដែលសហការរៀបចំឡើងដោយក្រុមប្រឹក្សាជាតិគាំពារសង្គម និងអង្គការសហប្រជាតិប្រចាំកម្ពុជា។ «ទិវាសប្តាហ៍គាំពារសង្គម»នេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

ការរៀបចំទិវាសប្តាហ៍គាំពារសង្គមរបស់កម្ពុជានាពេលនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងសារៈសំខាន់នៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ការផ្សព្វផ្សាយនូវសមិទ្ធផលថ្មីៗ ដែលសម្រេចបាន ព្រមទាំងផ្តល់ឱកាស និងវេទិកាដល់តួអង្គពាក់ព័ន្ធ ពិគ្រោះពិភាក្សាលើការងារជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម នៅកម្ពុជា ទៅមួយកម្រិតទៀត ទាំងក្នុងទិដ្ឋភាពកម្រិតគោលនយោបាយ និងកម្រិតបច្ចេកទេស។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា ឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ មិនត្រឹមតែមិនបានបន្ទុចបង្អាក់ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមប៉ុណ្ណោះទេ ប៉ុន្តែវិបត្តិនេះថែមទាំងបានជំរុញឱ្យរាជរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ក្នុងការកសាងប្រព័ន្ធគាំពារសង្គមមួយឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេស គឺការផ្តោតសំខាន់លើការកសាងភាពធន់ដើម្បីឆ្លើយតបនឹងវិបត្តិនានា។

លោកបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ របប និងកម្មវិធីគាំពារសង្គមទាំងអស់ នឹងត្រូវតែអនុវត្តដោយមិនមានការខកខាននោះឡើយ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលបាននឹងចំណាយថវិកាប្រមាណជាង៣០លានដុល្លារ ក្នុងមួយខែសម្រាប់អនុវត្តកម្មវិធីជំនួយសង្គមនេះ។

«ទិវាសប្តាហ៍គាំពារសង្គម» ជាទិវាមួយដែលបានប្រារព្ធ ធ្វើឡើងក្នុងប្រទេសជាច្រើនក្នុងសកលលោក ដើម្បីពង្រឹងការយល់ដឹង និងសារៈសំខាន់នៃកម្មវិធី និងគោលនយោបាយគាំពារសង្គមរបស់ប្រទេសនីមួយៗ ក្នុងការរួមចំណែកលើកកម្ពស់សុខុមាភាពរបស់ប្រជាពលរដ្ឋទូទៅ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព។

ក្រៅពីការរៀបចំឱ្យមានវេទិកាពិភាក្សានេះឡើង រាជរដ្ឋាភិបាលក៏បានរៀបចំបង្កើតយន្តការការងារផ្សេងៗទៀត ក្នុងគោលដៅជំរុញ និងលើកកម្ពស់ គោលការណ៍អភិបាលកិច្ចល្អ ក្នុងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់ ដើម្បីធានាថា ការអនុវត្តគោលនយោបាយគាំពារសង្គម ប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងគណនេយ្យភាព។

ក្រោមកិច្ចសហការល្អរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ, កម្ពុជារំពឹងថានឹងជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើងថែមទៀត ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសង្គមមួយ ប្រកបដោយសុខដុមរមនីយកម្ម និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល៕