(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្ដយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ១៩ បន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ ការឆ្លងក្នុងសហគមន៍ហាក់កើនឡើងវិញ។

ការអំពាវនាវជាថ្មីរបស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលាបឋមសិក្សា នាគ រង្ស៉ី ចំនួន០១ខ្នង ស្មើនឹង០៦បន្ទប់ និងអគារសាលាបឋមសិក្សាពងពស់ ចំនួន០១ខ្នង ស្មើនឹង០៥បន្ទប់ ស្ថិតនៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

ក្រោយអំពីបានស្តាប់របាយការណ៍លោកអភិបាលស្រុករួចមក សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា អគារសាលាបឋមសិក្សាថ្មីទាំងពីរ ដែលសម្ពោធនាថ្ងៃនេះ គឺមានគុណតម្លៃខ្ពស់សម្រាប់លើកកម្ពស់ដល់វិស័យអប់រំនៅប្រទេសកម្ពុជា និងដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្មួយៗ ចៅៗ ក្នុងសិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជា បង្កើនចំណេះដឹង ដើម្បីក្លាយខ្លួនជាសរសទ្រូង នៃប្រទេសជាតិ។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ប្រភពនៃចំណេះដឹង គឺកេីតចេញពីការខិតខំប្រឹងប្រែងរបស់ក្មួយៗ ចៅៗ ក្នុងការខិតខំសិក្សារៀនសូត្រក្រេបយកចំណេះដឹង គឺដេីម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ។ ពិតណាស់ការខិតខំប្រឹងប្រែងតែងតែទទួលបានជោគជ័យ ហេីយគ្មានជោគជ័យណា កេីតចេញពីការមិនខិតខំប្រឹងប្រែងនោះទេ។ ដូច្នេះសិស្សានុសិស្សត្រូវតែខិតខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានពូកែ ដើម្បីក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ នឹងជួយអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខ។

សម្តេចក្រឡាហោម ស ខេង បានផ្តាំផ្ញើដល់ក្មួយៗ ចៅៗ ជាសិស្សានុសិស្សត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលជាឃាតករលាក់មុខយ៉ាងសាហាវ ដែលធ្វេីឲ្យអ្នកដែលបានប្រេីប្រាស់ ក្លាយជាមនុស្សមួយផ្សេងៗទៀត ធ្វេីឲ្យបាត់បងសតិអារម្មណ៍ ហា៊នធ្វេីអ្វីៗទាំងអស់។ មួយវិញទៀតវាធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

សម្ដេចក្រឡាហោម បានក្រើនរំលឹកឲ្យអាជ្ញាធរ ឲ្យត្រូវយកចិត្តទុកដាក់អំពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ក្នុងនោះសម្ដេចបានសង្កត់ធ្ងន់អំពីភាពចាំបាច់ នៃការរួមកម្លាំងសាមគ្គីគ្នាគាំទ្រការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពិសេសការនាំចូលសារធាតុផ្សំគីមី មកផលិតកែច្នៃជាគ្រឿងញៀន ហើយបញ្ហាគ្រឿងញៀននេះជារឿងគ្រោះថ្នាក់ធំ ប្រសិនបើមិនរួមគ្នាចាត់វិធានការនាពេលនេះនោះទេ។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអញ្ជើញទៅចូលរួមបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខឲ្យបានគ្រប់គ្នា៕