(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ដែលបានមកដល់ប្រទេសកម្ពុជា នៅព្រឹកមិញនេះ ដើម្បីចូលរួមដោយផ្ទាល់ ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលចាប់ផ្តើមនៅថ្ងៃស្អែក។

យ៉ាងហោចណាស់មាន រដ្ឋមន្រ្តីការបរទេស២រូប បានមកដល់កម្ពុជានោះព្រឹកមិញ ក្នុងនោះមាន លោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី និង រដ្ឋមន្រ្តីការបរទេសឡាវ លោក សាលើមសៃ គុំម៉ាស៉ីត ខណៈដែលរដ្ឋមន្រ្តី៤រូបទៀត នឹងមកដល់ជាបន្តបន្ទាប់។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMMR) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងមានរដ្ឋមន្រ្តីការបរទេស៧រូប រួមទាំងកម្ពុជា ចូលរួមប្រជុំដោយផ្ទាល់ ខណៈរដ្ឋមន្រ្តីការបរទេសប្រទេសថៃ និងប្រ៊ុយណេ បានបញ្ជាក់ថា ពួកគេនឹងចូលរួមកិច្ចប្រជុំនេះតាមប្រព័ន្ធអនឡាញ។

ទោះជាយ៉ាងនេះក្តី សម្រាប់ប្រទេសមីយ៉ាន់ម៉ា មិនបានចាត់អ្នកតំណាងមកចូលរួមកិច្ចប្រជុំនេះនោះឡើយដោយសារតែអាស៊ាន បានឯកភាពគ្នាស្នើឱ្យមីយ៉ាន់ម៉ាបញ្ជូនតំណាងដែលមិនមែនជាអ្នកនយោបាយដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន។

កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMMR) ត្រូវបានក្រសួងការបរទេសប្រកាសថា នឹងធ្វើឡើងចាប់ពីថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមដោយផ្ទាល់ផង និងតាមប្រព័ន្ធវីដេអូផង៕