(ភ្នំពេញ)៖ នគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ បានបង្ហាញមុខក្រុមជនល្មើសចំនួន៣៨នាក់ ដែលជាប់ពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន ចោរកម្ម ប្លន់ ឃាតកម្ម ជាដើម ក្រោយពីត្រូវបានបង្ក្រាប និងចាប់ខ្លួនជាបន្តបន្ទាប់ នៅតាមបណ្តាខណ្ឌទូទាំងរាជធានីភ្នំពេញ មុនបញ្ជូនឡើងតុលាការ ដើម្បីបន្តចាត់ការតាមនីតិវិធី។
ការបង្ហាញមុខក្រុមជនល្មើសដែលបង្កសកម្មភាពដល់សង្គមជាតិនេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី ព្រំុ សន្ធរ ស្នងការរងនគរបាលទទួលផែនគ្រឿងញៀន និងលោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ព្រមទាំងអធិការ នាយការិយាល័យ និងមន្រ្តីនគរបាលមួយចំនួនទៀត។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញថា ជនសង្ស័យទាំងនេះ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ សហការជាមួយកម្លាំងនគរបាលតាមបណ្តាខណ្ឌ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលតាមផ្លូវច្បាប់ពីសំណាក់អំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦។
របាយការណ៍ក៏បានបន្តទៀតថា សម្រាប់ប្រតិបត្តិការបង្ក្រាបបទល្មើសទាំងនេះ កម្លាំងនគរបាលបានដកហូតថ្នាំញៀន ចំនួន៤៣កញ្ចប់ ម៉ូតូ១៣គ្រឿង កញ្ចាក្រៀម១០កញ្ចប់ ជញ្ជីងថ្លឹង២ ដាវ២ ទូរស័ព្ទដៃ១២គ្រឿង និងលុយមួយចំនួនទៀត។
តាមរបាយការណ៍ដដែល សម្រាប់ប្រតិបត្តិការនេះ បានធ្វើឡើងនៅតាមបណ្តាខណ្ឌមួយចំនួនរួមមាន ខណ្ឌជ្រោយចង្វារ បង្ក្រាបបាន៨ករណី ឃាត់ខ្លួនជនសង្ស័យ១៤នាក់់ ខណ្ឌសែនសុខបង្ក្រាបបាន៤លើក ឃាត់ជនសង្ស័យ៤នាក់ ខណ្ឌដូនពេញបង្ក្រាបបាន២ករណី ឃាត់ជនសង្ស័យ២នាក់ ខណ្ឌពោធិសែនជ័យ បង្ក្រាបបាន១ករណី ឃាត់ជនសង្ស័យ២នាក់ ខណ្ឌ៧មករា បង្ក្រាបបាន១ករណី ឃាត់ជនសង្ស័យ២នាក់ ខណ្ឌមានជ័យបង្ក្រាបបាន១ករណី ឃាត់ជនសង្ស័យ៣នាក់ ខណ្ឌច្បារអំពៅបង្ក្រាបបាន១ករណី ឃាត់ជនសង្ស័យម្នាក់ ខណ្ឌឫស្សីកែវ បង្ក្រាបបាន៣ករណី ឃាត់ជនសង្ស័យ៣នាក់ ខណ្ឌទួលគោកបង្ក្រាបបាន១ករណី ឃាត់ជនសង្ស័យម្នាក់ និងការិយាល័យប្រឆាំងគ្រឿងញៀនបង្ក្រាបបាន១ករណី និងឃាត់ជនសង្ស័យម្នាក់។