(កំពង់ធំ)៖ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានជំរុញក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ។

លោកថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិលើកទី៣ អាណត្តិទី៣ ឆ្នាំ២០២១ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដែលរៀបចំដោយសមាគម ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុងស្រុក និងក្រុមប្រឹក្សាឃុំសង្កាត់ចំនួនជាង១០០នាក់ផងដែរ។

លោកបានបន្តថា «ក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ ត្រូវមានការលើកកម្ពស់សេចក្តីថ្លៃថ្នូរ ក្រមសីលធម៌របស់ខ្លួន ក្នុងនាមជាមន្ត្រីបម្រើប្រជាពលរដ្ឋ ហើយការបង្កើតសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺបង្កើតជានីតិបុគ្គល ធ្វើជាតំណាងឱ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលជាសមាជិករបស់ខ្លួន សំដៅការពារផលប្រយោជន៍រួមរបស់សមាជិកជំរុញកិច្ចសហប្រតិបត្តិការរវាងសមាជិក ការអភិវឌ្ឍសមត្ថភាពនិងលទ្ធភាពសម្រាប់ ការធ្វើឱ្យប្រសើរឡើងនូវមុខងារ និងធានធានតាមច្បាប់សម្រាប់សមាជិករបស់ខ្លួន តាមរយៈការចូលរួមក្នុងដំណើរការតស៊ូមតិ ការពិភាក្សា ពិគ្រោះយោបល់លើការរៀបចំគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធផ្សេងៗរបស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ»

លោកជំរុញសមាជិកក្រុមប្រឹក្សាសមាគម និងអ្នកពាក់ព័ន្ធ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ មេត្តាយកចិត្តទុកដាក់ស្តាប់ និងចូលរួមពិភាក្សាផ្តល់យោបល់ដើម្បីឱ្យសមាគម បំពេញតួនាទីឱ្យកាន់តែសកម្ម ប្រកបដោយឯករាជ្យភាព
ស័ក្តិសមជាអង្គការដៃគូ ក្នុងការតស៊ូមតិ ពិភាក្សា និងផ្តល់យោបល់ដល់ស្ថាប័នពាក់ព័ន្ធ ក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់។

នៅពេលក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ២០០២ ដែលកើតឡើងពីការបោះឆ្នោតដោយផ្ទាល់របស់ប្រជាពលរដ្ឋ បញ្ហាសមត្ថភាព ស្វ័យភាព និងគណនេយ្យភាពរបស់ក្រុមប្រឹក្សាគឺជាអាទិភាពចម្បងមួយដែលក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួង ស្ថាប័នដទៃទៀត បានយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ បំពេញតួនាទី ភារកិច្ចប្រកបដោយសមត្ថភាព មានស្វ័យភាព និងមានគណនេយ្យភាពខ្ពស់ស្របតាមច្បាប់ លិខិតបទ ដ្ឋានគតិយុត្តជាធរមាន។

ជាមួយគ្នានេះលោក ឈុន ឈន់ បានណែនាំដល់ក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ ពេលធ្វើផែនការអភិវឌ្ឍន៍តាមឃុំសង្កាត់ត្រូវផ្តោតសំខាន់លើបញ្ហាសុខភាព និងអប់រំកុមារតូច និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងមុនធ្វើការអនុម័តត្រូវពិនិត្យ ឲ្យបានច្បាស់លាស់ជាមុនសិន។

លោក គៀង សេងគី ប្រធានក្រុមប្រឹក្សាថ្នាក់មូលដ្ឋានបានលើកោឡើងថាកិច្ចប្រជុំនេះមានគោលបំណង៖

*ទី១៖ ពិនិត្យ និងអនុម័តលទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២១ ។
*ទី២៖ ពិនិត្យ និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០២២។
*ទី៣៖ បង្ហាញអំពីបញ្ហាប្រឈមដែលសមាជិកបានលើកឡើងនៅពេលសិក្ខាសាលា ឆ្លុះបញ្ចាំង របស់គម្រោង៕