(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្ត ក្រោមការដឹកនាំពីលោក ញ៉ែម សំអឿន ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទថ្នាក់ខេត្ត ស្ថាប័នតុលាការ អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទថ្នាក់ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។

ថ្លែងបើកកិច្ចប្រជុំនាឱកាសនេះលោក ញ៉ែម សំអឿន បានលើកឡើងថា កិច្ចប្រជុំមានគោលបំណងដើម្បីពិនិត្យ និងវាយតម្លៃលើសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម នៅក្នុងខេត្ត ផ្សព្វផ្សាយសភាពការណ៍វិវឌ្ឍន៍ថ្មីៗ ទាំងសភាពការណ៍ជាតិ និងអន្តរជាតិ ពង្រឹងលើកកម្ពស់ការអនុវត្តច្បាប់ បទបញ្ជារាជរដ្ឋាភិបាល សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សំដៅលើកកម្ពស់ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ទប់ស្កាត់បទល្មើស និងបាតុភាពនានានៅក្នុងភូមិសាស្ត្រខេត្ត។

លោកអភិបាលខេត្ត បានបន្តថា កិច្ចប្រជុំនេះក៏មានរបៀបវារៈសំខាន់ៗ មួយចំនួនដាក់ជូនអង្គប្រជុំពិនិត្យនិងពិភាក្សាផងដែររួមមាន៖

*របាយការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈប្រចាំខែមករា និងទិសដៅអនុវត្តបន្ត
*ផ្សព្វផ្សាយលិខិតលេខ៣១៦ ស.ជ.ណ ចុះថ្ងៃទី៧កុម្ភៈ របស់ក្រសួងមហាផ្ទៃ
*បញ្ហាវិវាទដីធ្លីនៅភូមិឡែ ឃុំលំជ័រស្រុកអូរយ៉ាដាវ
*បញ្ហា ដីធ្លី លោក ដាំ ប៊ូកែវ នៅស្រុកវើនសៃ
*បញ្ហាកាប់រានដីព្រៃនៅក្រុមហ៊ុន SK ស្រុកកូនមុំ។